ការប្រកួត Euro 2016 វគ្គសន្សំពិន្ទុក្នុងពូល B បានបញ្ចប់ហើយ ដោយក្រុមជម្រើសជាតិអង់គ្លេស បានត្រឹមបញ្ចប់លទ្ធផល ០-០ ទល់នឹងស្លូវ៉ាគី ខណៈដែលវែល បានបំបាក់រុស្សី ៣-០ ឡើងលេខ១ កំពូលតារាង។
អង់គ្លេស គ្រប់គ្រងបាល់យ៉ាងច្រើនតាំងពីតង់ទី១មក និងមានឱកាសល្អៗជាច្រើនលើក ប៉ុន្តែទាំង Jamie Vardy, Adam Lallana និង Daniel Sturridge ធ្វើពុំបានសម្រេច។
ចំណែកឯវែលវិញ ៣គ្រាប់រកបានដោយ Aaron Ramsey របស់ក្រុម Arsenal នៅនាទីទី១១, Neil Taylor របស់ក្រុម Swansea City នៅនាទី២០ និង Gareth Bale របស់ក្រុម Real Madrid ស៊ុតជើងឆ្វេងគ្រាប់ទី៣ នៅនាទី៦៧។
ដូច្នេះលទ្ធផលនេះ បានជួយឲ្យវែល មាន៦ពិន្ទុ, អង់គ្លេស មាន៥ពិន្ទុ ចាប់ដៃគ្នាឡើងវគ្គ១៦ក្រុមជាបន្ត ខណៈដែលស្លូវ៉ាគី មាន៤ពិន្ទុ អាចមានឱកាសជាប់ចំណាត់ថ្នាក់លេខ៣ល្អបំផុត។ រីឯរុស្សី ធ្លាក់ហាលអាវត្រឹមវគ្គនេះហើយ បន្ទាប់ពី៣ប្រកួត រកបានតែ១ពិន្ទុ ស្ថិតនៅបាតតារាងគេ៕