ពានរង្វាន់ UEFA Champions League វគ្គ៤ក្រុមចុងក្រោយ ក្រុមខ្លាំង Real Madrid មិនអាចធ្វើអ្វីក្រុមម្ចាស់ផ្ទះ Manchester City បាននោះទេ (Man City ០-០ Real Madrid) បើទោះបីជាក្រុមស្ដេចសមានឱកាសច្រើន ហើយ Pepe មានបាល់មាសមួយគ្រាប់ ក៏មិនអាចធ្វើផុតដៃអ្នកចាំទី Joe Hart បានដែរ។
ក្រុម Real Madrid អវត្តមានកីឡាករឆ្នើម Cristiano Ronaldo ដោយសារតែរបួសអំឡុងពេលហ្វឹកហាត់មុនប្រកួត ដែលការអវត្តមានកីឡាករនាំសំណាងរូបនេះបានធ្វើឱ្យក្រុមរបស់លោក Zidane ហាក់ដូចជាមិនសូវមុតនោះទេនៅតំបន់ប្រយុទ្ធ។ ដោយតង់ទីមួយ ក្រុមទាំងពីរនេះសឹងតែមិនមានបាល់នៅមុខទីរៀងខ្លួននោះទេ ពោលគឺអូសលេងតែតំបន់កណ្ដាលប៉ុណ្ណោះ។
នៅតង់ទីពីរ បន្ទាប់ពីមានការដូរកីឡាករចេញខ្លះ ក្រុម Real Madrid ហាក់មានទម្រង់លេងល្អឡើងវិញ ដោយ Jese ដែលដូរជំនួស Benzema មានឱកាសតែតមួយក្បាល ប៉ុន្តែទៅបុកនឹងរបាទី ខណៈដែល Casemiro តែតមួយក្បាលទៀតតែ Joe Hart ដាក់ជើងរាំងបាន។ អ្វីដែលជាឱកាសមាសសម្រាប់ក្រុម Real Madrid គឺបាល់របស់ Pepe ដែលរូបគេឈរទាត់ជាមួយ Joe Hart ប៉ុន្តែបែរជាចំខ្លួនរបស់អ្នកចាំទីជម្រើសជាតិអង់គ្លេសរូបនេះ ទៅវិញ។
ត្បិតតែ Pepe បាត់បង់ឱកាសរកគ្រាប់បាល់មួយគ្រាប់នេះមែន ប៉ុន្តែខ្សែការពារកណ្ដាលរូបនេះលេងសហការគ្នាបានយ៉ាងល្អជាមួយ ប្រធានក្រុម Ramos ដែលធ្វើឱ្យខ្សែប្រយុទ្ធនិងបម្រើរបស់ Man City មិនអាចអូសស៊ុតឱ្យស្រួលដល់តំបន់គ្រោះថ្នាក់របស់ Real Madrid បានឡើយ។
ក្រុមទាំងពីរនឹងប្រកួតកាត់សេចក្ដីនៅជើងទីពីរទឹកដី Real Madrid ម្ដងនៅថ្ងៃទី៤ខែឧសភាឆ្នាំ២០១៦៕