Thierry Henry វីរបុរសក្រុម Arsenal ជឿថាកីឡាករ Barcelona ម្នាក់ មានសមត្ថភាពអាចជំនួសតំណែង Lionel Messi បាន នៅពេលដែលតារាឆ្នើមជម្រើសជាតិអាហ្សង់ទីនរូបនេះចាកចេញពី Camp Nou ហើយកីឡាករម្នាក់នោះគឺ Neymar។
Neymar កំពុងតែត្រូវក្រុម Manchester United ចាប់អារម្មណ៍ខ្លាំង ខណៈដែលកីឡាករឆ្នើមប្រេស៊ីលរូបនេះឡើងជើងយ៉ាងខ្លាំងរដូវកាលនេះ ដោយស៊ុតបាន១៤គ្រាប់នៅ La Liga។ ប៉ុន្តែ Henry យល់ថា Barca គួរតែរក្សាទុកកីឡាកររូបនេះ ព្រោះមានតែរូបគេប៉ុណ្ណោះ ដែលអាចនឹងជំនួសតំណែង Messi បាន នៅពេលដែលម្ចាស់ពាន Ballon d’Or ៤សម័យកាលចាកចេញពីក្លិប ឬចូលនិវត្តន៍។
អតីតមិត្តរួមក្រុម Messi រូបនេះ បានប្រាប់វិបសាយក្លិប Barcelona ថា៖ “វាពិតជាសំខាន់សម្រាប់កីឡាករ សម្រាប់ក្លិប អ្នកគាំទ្រ ហើយគ្រប់គ្នាដឹងហើយថា វាពិតជាសំខាន់ប៉ុណ្ណា សម្រាប់ការរក្សាទុក Neymar ឲ្យនៅបន្ត។ គ្រប់គ្នាដឹងថា ថ្ងៃណាមួយ…យើងមិនដឹងថាពេលណាទេ…Leo នឹងមិននៅទីនេះទៀតឡើយ។ កីឡាករប្រេស៊ីល (Neymar) នឹងលេងយ៉ាងរីករាយ ហើយនោះជាអ្វីដែលអ្នកគ្រប់គ្នាពេញចិត្ត”៕