ខ្សែប្រយុទ្ធ Luis Suarez មិនមែនជាគោលដៅទី១របស់ក្លិប FC Barcelona ទេ មុនពេលទិញបានជាផ្លូវការ ខណៈដែលគោលដៅទី១ពិតប្រាកដនាពេលនោះគឺ Sergio Aguero របស់ក្លិប Manchester City។ នេះបើតាមអតីតប្រធានកីឡាក្លិបអ្នកមានបុណ្យ Andoni Zubizarreta បង្ហើបប្រាប់។
លោក Zubizarreta បានលើកឡើងថា Barca ចង់បានខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីន Aguero ដើម្បីចាប់ដៃគូជាមួយមិត្តរួមជាតិរបស់គេ Lionel Messi និងតារាឆ្នើមប្រេស៊ីល Neymar មិនមែនអតីតខ្សែប្រយុទ្ធក្រុម Liverpool ឡើយ។
“យើងមានជម្រើសពីរបី។ គោលដៅទី១របស់យើងពេលនោះ មិនមែន Suarez ទេ។ យើងព្យាយាមតាមទិញ Aguero ប៉ុន្តែគ្រប់យ៉ាងមិនអាចទៅរួច។ ក្នុងស្ថានភាពនោះ Suarez ក៏ក្លាយជា គោលដៅតែមួយគត់របស់យើងវិញ”។ លោក Zubizarreta បញ្ជាក់។
Suarez បានផ្ទេរពី Liverpool ទៅ Barcelona ក្នុងតម្លៃ៧៥លានផោន កាលខែកក្កដា ឆ្នាំ២០១៤។ កីឡាករវ័យ២៨ឆ្នាំ បង្ហាញខ្លួន៤៤ប្រកួត និងស៊ុតបាន៣១គ្រាប់ ហើយក៏កំពុងតែឡើងជើងខ្លាំងបច្ចុប្បន្ននេះ៕