Zinedine Zidane ត្រូវបានក្លិប Real Madrid ប្រកាសឲ្យធ្វើអ្នកចាត់ការថ្មីក្រុមស្ដេចស ដើម្បីជំនួសអ្នកចាត់ការចាស់ Rafael Benitez ដែលត្រូវបានក្លិបបណ្ដេញចេញ ក្រោយដឹកនាំបានរយៈពេលតែ៧ខែ ហើយបុរសសញ្ជាតិបារាំងរូបនេះ ប្ដេជ្ញាថានឹងជួយ Real ឲ្យអស់ពីសមត្ថភាព។
Zinedine Zidane អ្នកចាត់ការថ្មីក្រុម Real Madrid
Real បានសម្រេចបណ្ដេញលោក Benitez ចេញពីតំណែង គឺបន្ទាប់ប្រកួតស្មើ ២-២ ទល់នឹង Valencia កាលពីថ្ងៃអាទិត្យ ដែលធ្វើឲ្យស្ដេចស មានគម្លាត៤ពិន្ទុ ពីក្រុមកំពូលតារាង Atletico Madrid នៅក្របខណ្ឌ La Liga។
ចំណែកឯ Zidane ដែលធ្លាប់ជាកីឡាករ Real លេងបាន២២៥ប្រកួត និងជាអ្នកចាត់ការ Real Madrid នៅឈុត B (Real Madrid Castilla) ឥឡូវបានឡើងតំណែងជាអ្នកចាត់ការក្រុមម្ចាស់ជើងឯកអឺរ៉ុប១០សម័យ កាលពេញសិទ្ធហើយ។
ក្រោយឡើងតំណែង អ្នកចាត់ការថ្មីវ័យ៤៣ឆ្នាំ បាននិយាយថា៖ “ខ្ញុំនឹងធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីជួយឲ្យក្លិបល្អបំផុត។ វាជាថ្ងៃសំខាន់បំផុតសម្រាប់ខ្ញុំ។ តាំងពីខ្ញុំមកដល់ទីនេះ ក្នុងនាមជាកីឡាករ ខ្ញុំបានដឹងថា ក្លិបនេះពិតជាអស្ចារ្យ។ យើងមានអ្នកគាំទ្រល្អបំផុតលើលោក និងជាក្លិបល្អបំផុតលើលោក ហើយខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីឈ្នះ។ ខ្ញុំនឹងដាក់ទាំងបេះដូង ទាំងព្រលឹង សម្រាប់ការងារមួយនេះ ដូច្នេះអ្វីៗនឹងល្អ”។
Zidane នឹងចុះកុងត្រា២ឆ្នាំកន្លះនៅកីឡដ្ឋាន Santiago Bernabéu និងក្លាយជាអ្នកចាត់ការក្រុម Real Madrid ទី១៣ ក្នុងសតវត្សនេះ៕