ប្រាក់ បៀវត្សរបស់លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple កាលពីឆ្នាំ២០១៥កន្លងទៅ កើនឡើងដល់២លានដុល្លារ។ នេះបើយោងតាមការប្រកាសរបស់គណៈកម្មការមូលប័ត្រនៃសហរដ្ឋអាមេរិក (SEC)។
SEC បានឲ្យដឹងថាចំណូលសរុបប្រចាំឆ្នាំ២០១៥របស់លោក Tim Cook មានចំនួន ១០.២៨១.៣២៧ដុល្លារ ដោយក្នុងនោះរួមមានប្រាក់បៀវត្សចំនួន២លានដុល្លារ ប្រាក់លើកទឹកចិត្តចំនួន៨លានដុល្លារ និងប្រាក់សំណងចំនួន ២៨១.៣២៧ដុល្លារផ្សេងទៀត។ ប្រាក់បៀវត្សរបស់លោកមានការកើនឡើងពី ១.៧៤៨.៤៦២ដុល្លារ កាលពីឆ្នាំ២០១៤ ដល់២លានដុល្លារនៅឆ្នាំ២០១៥។
នៅក្រោមការចង្អុលបង្ហាញរបស់លោក Tim Cook ក្រុមហ៊ុន Appleបានបង្កើតឆ្នាំដែលបំបែកកំណត់ត្រាថ្មីមួយទៀត ដោយនាឆ្នាំ២០១៥ក្រុមហ៊ុនរកចំណូលបានពីការលក់សរុបចំនួន ២៣៣,៧ពាន់លានដុល្លារ កើនឡើង២៤% ធៀបនឹងឆ្នាំ២០១៤។ យោងទៅតាមការព្យាកររបស់ក្រុមហ៊ុនកាលពីខែតុលាគេរំពឹងថានៅ ក្នុងត្រីមាសទីមួយឆ្នាំ២០១៦ ក្រុមហ៊ុននឹងអាចរកចំណូលបានចន្លោះ ៧៥,៥ពាន់លានដុល្លារ ទៅ ៧៧,៥ពាន់លានដុល្លារ។
គួរបញ្ជាក់ដែរថាក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះនឹងប្រកាសពី របាយការណ៍ចំណូលប្រចាំត្រីមាសទីមួយនាឆ្នាំថ្មីនៅថ្ងៃទី ២៦ខែមករាខាងមុខនេះ ដូចនេះរង់ចាំតាមដានទាំងអស់គ្នាថាចំណូលទទួលបានលើសពីការរំពឹង ទុកឬយ៉ាងណា៕