ក្រុមខ្លាំងរបស់អេស្ប៉ាញReal Madrid បានបំបាក់ក្រុមមកអ៊ីតាលី Roma ឡើងទៅវគ្គ៨ក្រុមចុងក្រោយ UEFA Champions League ដោយលទ្ធផល ២-០ និងសរុបទាំងពីរជើងគឺ ៤-០ ខណៈកីឡាករឆ្នើមCristiano Ronaldo របស់ Real ក៏អាចរកគ្រាប់ទី៩០ ក្នុងពាននេះផងដែរ។
តង់ទី១ក្រុមទាំងពីរមិនអាចសម្រេចទីបានដូចគ្នាទោះជាមាន ឱកាសរៀងខ្លួនក៏ដោយ។ លុះដល់តង់ទី២នាទី៦៤ Ronaldo បានជួយក្រុមនាំមុខមុនដោយការស៊ុតទម្លាយសំណាញ់ទីយ៉ាងល្អ បន្ទាប់ពីបានបាល់បញ្ជូនពី Lucas Vazquez មុនពេល James Rodriguez រកគ្រាប់ទី២នាទី ៦៨។ ១គ្រាប់របស់ Cristiano Ronaldo យប់មិញជាគ្រាប់ទី១៣ក៏ដូចជាគ្រាប់ទី៩០នៅ Champions League ផងដែរ។
ចំណែកឯមួយគូទៀតក្រុមអាល្លឺម៉ង់ Wolfsburg ក៏បានឈានទៅវគ្គ៨ក្រុមជាលើកដំបូងក្រោយឈ្នះក្រុម Gent ១-០ ធ្វើបានដោយកីឡាករ Andre Schurrle នាទី៧៤និងជាការបញ្ជូនរបស់កីឡាករវ័យក្មេងកំពុងឡើងជើង Julian Draxler ។ សរុបទាំងពីរជើង Wolfsburg ៤- ២ Gent៕