Sergio Aguero ខ្សែប្រយុទ្ធមុតស្រួចក្រុម Manchester City សង្ឃឹមថាក្រុមមេឃខៀវរបស់ខ្លួន នឹងអាចជៀសផុតពីការប៉ះក្រុមខ្លាំង FC Barcelona និងក្រុម Bayern Munich ក្នុងការចាប់ឆ្នោត UEFA Champions League វគ្គ៨ក្រុម នៅថ្ងៃសុក្រស្អែកនេះ។
Man City បានឡើងទៅវគ្គ៨ក្រុម UEFA Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លឹប បន្ទាប់ពីឈ្នះក្រុម Dynamo Kiev របស់អ៊ុយក្រែនវគ្គ១៦ក្រុម ដោយលទ្ធផលសរុប២ជើង ៣-១។
ប៉ុន្តែក្រុម Barcelona ដែលទម្លាក់ Arsenal ដោយលទ្ធផលសរុបទាំង២ជើង ៥-១ យប់មិញ គឺធ្លាប់ទម្លាក់ Man City វគ្គ Knock-out ២ឆ្នាំជាប់គ្នាហើយ ដូច្នេះទើប Aguero ញញើតក្រុមរបស់លោក Luis Enrique។ រីឯក្រុមខ្លាំង Bayern ដែលដឹកនាំដោយអ្នកចាត់ការ Pep Guardiola (អនាគតអ្នកចាត់ការក្រុម Man City) នោះ ក៏ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីនរូបនេះ មិនចង់ប៉ះវគ្គនេះដែរ។
កីឡាករវ័យ២៧ឆ្នាំរូបនេះ បាននិយាយថា៖ “យើងតែងតែចង់ទៅឲ្យបានឆ្ងាយ ហើយដើម្បីធ្វើដូច្នោះបាន យើងមិនចាំបាច់ប៉ះក្រុមខ្លាំងៗបំផុតនោះទេ។ ពិតណាស់ Barca និង Bayern គឺជាក្រុមខ្លាំង និងមានទម្រង់លេងល្អបំផុតបច្ចុប្បន្ន។ ដូច្នេះបើយើង អាចជៀសផុតពួកគេ គឺជារឿងល្អ ប៉ុន្តែយូរនឹងឆាប់ យើងមិនអាចជៀសផុតពីជួបពួកគេឡើយ”៕
ប្រភព៖ Sabay