Cristiano Ronaldo តារាឆ្នើមក្រុម Real Madrid ក៏ស្ថិតក្នុងបញ្ជីឈ្មោះកីឡាករ១០នាក់ ដែលក្លឹបស្ដេចស គ្រោងនឹងលក់ចេញនៅរដូវកាលក្ដៅខាងមុខនេះដែរ។ នេះបើតាមកាសែតអេស្ប៉ាញ។
បើតាម Sport បានឲ្យដឹងថា ប្រធានក្លឹប Real លោក Florentino Pérez និងអ្នកចាត់ការថ្មី Zinedine Zidane គ្រោងនឹងលក់ចេញកីឡាករចំនួន១០នាក់ ដែលធ្លាក់ទម្រង់លេងនៅរដូវកាលនេះ និងគ្រោងរុះរើក្រុមជាថ្មីនៅរដូវក្ដៅខាងមុខឲ្យចប់រួចរាល់ ដើម្បីត្រៀមទុកមុន បើពិតជាមានការពិន័យមិនឲ្យទិញដូរកីឡាករនៅឆ្នាំក្រោយ។
សេចក្ដីរាយការណ៍ដដែល ក៏បានបញ្ជាក់ទៀតថាកីឡាករ១០នាក់ ដែល Real នឹងដាក់លក់លើទីផ្សារខាងមុខនេះមាន Ronaldo, Sergio Ramos, Isco, Álvaro Arbeloa, James Rodríguez, Toni Kroos, Casemiro, Danilo, Jese និងកីឡាករវ័យក្មេងម្នាក់ទៀត។
CR7 វ័យ៣១ឆ្នាំ, ប្រធានក្រុមស្ដេចស Ramos និង James កំពុងទទួលការចាប់អារម្មណ៍ពីក្លឹបបិសាចក្រហម Manchester United ខណៈដែល Isco ត្រូវក្លឹប Chelsea, Manchester City និង Arsenal កំពុងប្រជែងគ្នាចង់បាន។
រីឯគោលដៅទិញចូលសំខាន់ៗរបស់ក្រុម Real រដូវក្ដៅខាងមុខនេះវិញមាន អ្នកចាំទី David De Gea របស់ Man Utd, Eden Hazard របស់ Chelsea, Sergio Aguero របស់ Man City, ខ្សែបម្រើ Paul Pogba របស់ Juventus និងខ្សែប្រយុទ្ធឆ្នើម Robert Lewandowski របស់ក្រុម Bayern Munich ផងដែរ៕