Zlatan Ibrahimovic ខ្សែប្រយុទ្ធឆ្នើមក្រុម Paris Saint Germain បានស៊ុត១គ្រាប់ និង Assist ១យប់មិញ ជួយឲ្យក្រុមជើងឯកបារាំង ឈ្នះ Chelsea ២-១ នៅ Stamford Bridge ក្នុងការប្រកួត UEFA Champions League វគ្គ១៦ក្រុម ជើងទី២។ ដូច្នេះសរុបទាំង២ជើង PSG ឈ្នះ ៤-២ និងឡើងទៅវគ្គ៨ក្រុមជាបន្ត រីឯតោខៀវ ហាលអាវត្រឹមវគ្គនេះ។
PSG ដែលឈ្នះ ២-១ នៅទីក្រុងប៉ារីស កាលជើងទី១ បាននាំមុខ ១-០ មុនទៀតដោយ Adrien Rabiot ស៊ុតនៅនាទី១៦ បន្ទាប់ពី Zlatan បញ្ជូនឲ្យ ប៉ុន្តែត្រូវក្រុមម្ចាស់ផ្ទះតាមស្មើ ១-១ វិញ ដោយ Diego Costa នាទី២៧។ យ៉ាងណា នៅនាទី៦៧ ខ្សែប្រយុទ្ធជម្រើសជាតិស៊ុយអែត (Zlatan) បានស៊ុតគ្រាប់ទី២បញ្ចប់សង្ឃឹម Chelsea តែម្ដង ក្រោយពេល Angel di Maria បញ្ជូនឲ្យ។
Chelsea កំពុងឈរនៅលេខ១០ ក្នុងតារាង Premier League បច្ចុប្បន្ន ដែលជាទីតាំងមួយ អាចនឹងគ្មានឱកាសបានលេងនៅក្របខ័ណ្ឌអឺរ៉ុបទៀតទេ នៅរដូវកាលក្រោយ។ រីឯយប់មិញ Costa និង Eden Hazard បានរងរបួស ត្រូវដូរចេញ នឹងអាចអវត្តមានប្រកួត FA Cup វគ្គ៨ក្រុម ប៉ះ Everton នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះថែមទៀត។
ដោយឡែក១គូទៀតយប់មិញ ក្រុមខ្លាំងព័រទុយហ្គាល់ Benfica ក៏បានឡើងទៅវគ្គ៨ក្រុមដែរ បន្ទាប់ពីយកឈ្នះ Zenit St. Petersburg ២-១ និងសរុបទាំង២ជើង ឈ្នះ ៣-១៕