ប៉ុស្តិ៍ទូរទស្សន៍ Disney Channel កំពុងចាប់ផ្ដើមគម្រោងជ្រើសរើសរើសតួសម្ដែងសម្រាប់ភាពយន្ត “High School Musical 4”។
ផ្អែកតាមបណ្ដាញព័ត៌មាននានា ខ្លឹមសាររបស់ “High School Musical 4” នឹងនិយាយពីជោគជ័យរបស់ក្រុមចម្រៀងរបស់វិទ្យាល័យ East High តទៅទៀត។ ជាមួយនឹងគ្នានេះដែរ នៅក្នុងវគ្គថ្មីនេះ ភាពយន្តនឹងណែនាំក្រុមតួអង្គថ្មី២ទៀតនោះគឺថ្នាក់ East High Wildcats និងគូប្រជែងរបស់ពួកគេ West High Knights។ លោក Jeffrey Hornaday អ្នកដែលធ្លាប់ទទួលបានបេក្ខភាពអ្នកដឹកនាំរឿងល្អជាងគេពីសមាគម ក្រុមអ្នកដឹកនាំអាមេរិកនោះ នឹងក្លាយជាអ្នកដឹកនាំរឿងនៅក្នុងវគ្គ ៤នេះ។ យ៉ាងណាមិញ គេមិនទាន់ដឹងច្បាស់នៅឡើយទេថាតើ តារាសម្ដែងនៅក្នុងវគ្គ៣នឹងត្រលប់មកក្នុងវគ្គថ្មីបំផុតនេះឬ អត់។
បង្ហាញមុខដំបូងនៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០០៦ ក្រោមការដឹកនាំរបស់លោក Kenny Ortega “High School Musical” បានទាក់ទាញទស្សនិកជនបានចំនួន ៧,៧លាននាក់ និងក្លាយជាភាពយន្តមានចំនួនអ្នកមើលច្រើនជាងគេនៅក្នុង ប្រវត្តិសាស្ត្ររបស់ Disney នៅពេលនោះ។ មិនត្រឹមតែប៉ុណ្ណោះ កម្រងភាពយន្តនេះក៏ជាកត្តាជំរុញឲ្យតារាសម្ដែងជាច្រើនមានឈ្មោះ ល្បីផងដែរ ដោយក្នុងនោះរួមមាន Zac Efron និង Vanessa Hudgens ជាដើម៕