ការប្រកួត UEFA Champions League វគ្គ១៦ ក្រុមចុងក្រោយយប់មិញនេះ ក្រុម Barcelona បានយកឈ្នះ Arsenal ជាលើកទី២ ដើម្បីឡើងទៅវគ្គ៨ក្រុមចុងក្រោយជាបន្ត។
ចាប់ផ្ដើមការប្រកួតតង់ទី១ ក្រុម Arsenal ដែលចាញ់ជើងមុនក្នុងទឹកដីខ្លួនឯង ០-២ ត្រូវខ្សែប្រយុទ្ធ Neymar ស៊ុតបញ្ចូលទីនាំមុខ ១-០ ត្រឹមនាទី ១៨ ប៉ុន្តែនៅនាទី៥១ Elneny បានស៊ុតតាមស្មើឲ្យ Arsenal បានវិញ។ នៅនាទី៦៥ និង៨៨ ខ្សែប្រយុទ្ធ Suarez និង Messi បានស៊ុតម្នាក់១គ្រាប់ទៀត គ្រប់គ្រាន់នឹងឲ្យ Arsenal ធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយជាលើកទី៦រដូវកាលជាប់ៗគ្នា។
លទ្ធផល១គូទៀត រវាង Bayern Munich និងJuventus ដែលស្មើគ្នាជើងទី១ ក្នុងលទ្ធផល ២-២ បានស្មើគ្នា ២-២ ម្ដងទៀត តែក្នុងម៉ោងបន្ថែម១៥នាទី២ដង Bayern បានស៊ុតចូល២គ្រាប់ទៀត ធ្វើឲ្យចប់ការប្រកួតទាំង២ជើង ក្រុមជើងឯកអាល្លឺម៉ង់ បានយកឈ្នះ Juventus ក្នុងលទ្ធផលសរុប ៦-៤។
៤គ្រាប់របស់ Bayern ស៊ុតបញ្ចូលទីដោយ Lewandowski នៅនាទី៧៣, Muller នៅនាទី ៩០+១, Thiago នៅនាទី ១០៨ និង Coman នៅនាទី ១១០។ ចំណែក២គ្រាប់របស់ ក្រុមភ្ញៀវធ្វើបានដោយ Pogba និងCuadrado តាំងពីតង់ទី១ ពោលគឺនាទី ទី៥ និង២៨៕
ប្រភព៖ Sabay