ក្លិប Barcelona ត្រូវបានគេរាយការណ៍ថាចង់បានខ្សែបម្រើស្លាប Angel di Maria ទៅលេងនៅអេស្ប៉ាញវិញ ប៉ុន្តែសាមីខ្លួនបានចេញមកបញ្ជាក់ម្ដងជាពីរម្ដងថាមិនទាន់ចង់ ចាកចេញពី Manchester United ទេ។
រដូវកាលដំបូងរបស់ Di Maria នៅបិសាចក្រហមមិនសូវជាជោគជ័យប៉ុន្មាននោះទេ ពោលគឺរដូវកាលទើបតែបញ្ចប់ទៅដោយរកគ្រាប់បាល់បានតែ៣គ្រាប់ គត់ក្នុងក្របខ័ណ្ឌ English Premier League ។ រឿងនេះហើយ ដែលធ្វើឱ្យមានក្លិបជាច្រើនដូចជា Barcelona, Paris Saint-Germain និង Bayern Munich ជាដើម មានបំណងចង់ទិញយកខ្សែបម្រើសញ្ជាតិអាហ្សង់ទីនរូបនេះទៅលេងនៅ ក្លិបរបស់ពួកគេវិញ ដោយហ៊ានផ្ដល់តម្លៃដើម។
តែទោះជាមានក្លិបធំៗចង់បាន និងហ៊ានដាក់តម្លៃខ្លួនខ្ពស់យ៉ាងណាក្ដី អតីតកីឡាករ Real Madrid ខាងលើ បានចេញមកបញ្ជាក់ជាថ្មីម្ដងទៀតថា អនាគតនៅ Old Trafford មិនទាន់អស់នោះទេ ពោលគឺរូបគេនឹងនៅលេងជាមួយបិសាចក្រហមបន្តទៀត ដោយសង្ឃឹមថានឹងអាចស្ដាទម្រង់លេងឱ្យល្អឡើងវិញបាននៅរដូវកាល ក្រោយ។
“ខ្ញុំគិតថា ខ្ញុំមក Man Utd នឹងអាចមានទម្រង់លេងល្អដូចនៅ Real ប៉ុន្តែជាក់ស្ដែងគឺមិនដូចនោះទេ។ វាពិតជាពិបាកណាស់ក្នុងការពន្យល់ថាហេតុអ្វីបានជាដូច្នេះ។ តែទោះជាយ៉ាងនេះក្ដី ខ្ញុំមិនទាន់ចង់ចាកចេញនោះទេ។ ដូចនៅ Madrid អីចឹង ខ្ញុំត្រូវការពេលវេលាច្រើនដើម្បីរៀនពីកន្លែងថ្មី ដូច្នេះនៅអង់គ្លេសក៏អីចឹងដែរ”។ Di Maria ប្រាប់ទៅកាសែត Ole ។
ខ្សែបម្រើក្រុមជម្រើសជាតិអាហ្សង់ទីនខាងលើនេះជាកីឡាករដែល ក្រុម Man Utd ទិញមកបំបែកកំណត់ត្រានៅអង់គ្លេស ៥៩,៧លានផោន។ កីឡាករវ័យ២៧ឆ្នាំរូបនេះដែរ កាលនៅលេងជាមួយ Real Madrid ពិតជាមានទម្រង់លេងល្អខ្លាំងណាស់ ពោលគឺមានទាំងល្បឿននិងបច្ចេកទេសញាក់បាល់ដែលបានជួយអធិរាជសលើក ពាន UEFA Champions League បានមុនពេលចាកចេញកាលពីឆ្នាំមុនទៀតផង៕