កីឡាករ Gerard Pique បានបញ្ជាក់ថាខ្លួនសុខចិត្តចូលនិវត្តន៍ទាំងវ័យក្មេងប្រសើរជាងទៅ លេងនៅក្លិបផ្សេង ប្រសិនបើក្រុម Barcelona លក់ចេញនៅរដូវកាលដោះដូរកីឡាករខាងមុខនេះ។
Gerard Pique បានបញ្ជាក់ពីអនាគតរបស់ខ្លួនថា មិនព្រមពាក់អាវក្លិបផ្សេងក្រៅពី Barcelona នោះទេ ហើយប្រសិនបើខាងក្លិបគិតថារូបគេអត់សមត្ថភាពមិនអាចជួយក្រុម បានទៀតនោះ លោកនឹងប្រកាសចូលនិវត្តន៍ភ្លាមៗតែម្ដង។ “ខ្ញុំនឹងចូលនិវត្តន៍នៅក្រុម Barca។ ខ្ញុំមិនទាន់ដឹងថាពេលណានោះទេ។ តែអ្វីដែលច្បាស់គឺខ្ញុំមិនពាក់អាវក្រុមផ្សេងឡើយ។ ប្រសិនបើរដូវកាលក្រោយ ខ្ញុំមិនអាចលេងនៅទីនេះបាន ខ្ញុំនឹងប្រកាសចូលនិវត្តន៍ត្រឹមអាយុ២៩ឆ្នាំតែម្ដង ខ្ញុំមិនទៅលេងនៅក្លិបផ្សេងទៀតទេ”។ អតីតកីឡាករ Man Utd បាននិយាយ។
ឈុតរដូវកាលក្រោយរបស់ក្រុម Barcelona
ខ្សែការពារជម្រើសជាតិអេស្ប៉ាញបានចូលជាយុវជនរបស់ Barca តាំងពីអាយុ១០ឆ្នាំ ហើយបានចាកចេញពីក្លិបទៅលេងនៅ Manchester United ត្រឹមវ័យ១៧ឆ្នាំ ប៉ុន្តែលេងនៅអង់គ្លេសបាន៤ឆ្នាំ ស្វាមីរបស់ Shakira រូបនេះក៏ផ្លាស់មកលេងនៅអេស្ប៉ាញវិញ។ ក្នុងនាមជាខ្សែការពារលំដាប់ពិភពលោក Pique ជាកីឡាករដែលធ្លាប់លើកពានធំជាងគេនៅអឺរ៉ុប UEFA Champions League និង FIFA World Cup ផងដែរ៕