James Rodriguez បាននិយាយថារូបគេក៏គិតដូចអ្នកគាំទ្រដទៃទៀតដែរថាកីឡាករ Lionel Messi ពិតជាមនុស្សមកពីក្រៅភពមែន ហើយអ្នកគ្រប់គ្នាមិនគួរយកខ្សែប្រយុទ្ធរបស់អាហ្សង់ទីន មកប្រៀបធៀបជាមួយខ្លួននោះឡើយ។
James និង Messi នឹងត្រូវជួបគ្នានៅលើទីលាននៅថ្ងៃសៅរ៍នេះ ក្នុងការប្រកួតរវាងក្រុមជម្រើសជាតិអាហ្សង់ទីន និងក្រុមជម្រើសជាតិកូឡុំប៊ី វគ្គ៨ក្រុមចុងក្រោយពានរង្វាន់ Copa America ។ មុននឹងដល់ថ្ងៃប្រកួត ខ្សែប្រយុទ្ធដែលលេងនៅក្លិប Real Madrid បាននិយាយថា៖ “Messi ជាមនុស្សមកពីភពក្រៅ។ គាត់ជាកីឡាករពិសេស ហើយអ្នករាល់គ្នាមិនអាចយកខ្ញុំទៅប្រៀបជាមួយគាត់បានទេក្នុង ប្រកួតខាងមុខ។ វាដូចជាមិនសមចំពោះគាត់ឡើយ ប្រសិនបើយកខ្ញុំប្រៀបនឹងគាត់”។
ក្នុងវគ្គសន្សំពិន្ទុតាមពូល ក្រុមកូឡុំប៊ីនៅពូល C បានឡើងមកដល់វគ្គ៨ក្រុមចុងក្រោយនេះ ក្នុងនាមជាក្រុមលេខ៣ល្អបំផុតមួយក្នុងចំណោមក្រុមលេខ៣ល្អបំផុត ទាំង២ ចំណែកឯក្រុមអាហ្សង់ទីនវិញជាក្រុមលេខ១ពូល B ដោយ៣ប្រកួត ឈ្នះ២ ស្មើ១។ ក្រុមទាំងពីរនេះនឹងត្រូវប៉ះគ្នានៅម៉ោង៦:៣០នាទីព្រឹកថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ ចាំមើលតើក្រុមដែលមានកីឡាករមកពីភពក្រៅអាចឈ្នះក្រុមដែលមាន កីឡាករម្ចាស់ស្បែកជើងមាសនៅ World Cup ២០១៤ បានឬអត់?