ក្លិប ហង្សក្រហម Liverpool បានព្រមព្រៀងជាមួយក្លិប Hoffenheim ហើយ ដើម្បីទិញយកតារាវ័យក្មេងក្រុមជម្រើសជាតិប្រេស៊ីល Roberto Firmino នូវតម្លៃថ្លៃបំផុតទី២ ក្នុងប្រវត្តិសាស្ត្រក្លិប ២៩លានផោន (ជាង៤៥,៦លានដុល្លារ)។
កីឡាករវ័យ២៣ឆ្នាំ Firmino ដែលបច្ចុប្បន្នកំពុងជាប់ភារកិច្ចលេងឲ្យក្រុមប្រេស៊ីល នៅ Copa America នាប្រទេសឈីលី ត្រូវបានគេជឿថា នឹងចុះកិច្ចសន្យារយៈពេល៥ឆ្នាំនៅ Anfield ខណៈដែលប្រធានប្រតិបត្តិក្លិបហង្សក្រហម លោក Ian Ayre ក៏កំពុងតែនៅប្រទេសឈីលីដែរ ដើម្បីបញ្ចប់ការផ្ទេរមួយនេះឲ្យបានរួចរាល់។
យ៉ាងណាមិញ ប្រភពពី Sky Sports ក៏បានបញ្ជាក់ផងដែរថា Firmino ដែលអាចលេងបាន៣តំណែង នៅតំបន់ប្រយុទ្ធខាងលើ នឹងចុះកិច្ចសន្យាផ្ទេរទៅហង្សក្រហម ជាផ្លូវការនៅរយៈពេល ២៤ម៉ោងទៀតនេះ។
តម្លៃ២៩លានផោននេះ មានន័យថា Firmino នឹងក្លាយជាកីឡាករថ្លៃបំផុតទី២ ក្នុងប្រវត្តិសាស្ត្រក្លិប Liverpool បន្ទាប់ពី Andy Carroll ផ្ទេរពី Newcastle តម្លៃ៣៥លានផោន កាលពីឆ្នាំ២០១១ និងនៅលើ Adam Lallana ដែលផ្ទេរពី Southampton តម្លៃ២៥លានផោន កាលពីដើមរដូវកាលមុន។
Firmino ដែលស៊ុតបញ្ចូលទីបាន ៤៩គ្រាប់ ក្នុងការបង្ហាញខ្លួន១៥៣ប្រកួត ឲ្យក្រុម Hoffenheim ក៏ជាអ្នករកគ្រាប់បញ្ចូលទីជួយឲ្យប្រេស៊ីល យកឈ្នះលើវេណេហ្ស៊ុយអេឡា ២-១ នៅ Copa America កាលពីថ្ងៃអាទិត្យផងដែរ។
បន្ទាប់ពីអវត្តមានប្រធានក្រុម Neymar ដែលត្រូវពិន័យមិនអាចលេងរហូតចប់កម្មវិធីប្រកួតនោះ Firmino និង Philippe Coutinho ដែលជាតារាឆ្នើមក្រុម Liverpool បច្ចុប្បន្នម្នាក់ដែរ នឹងចាប់ដៃគូគ្នាឲ្យក្រុមសាំបាម្តងទៀត នៅថ្ងៃសៅរ៍នេះ ក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយ ទល់នឹងប៉ារ៉ាហ្គាយ៕