ក្នុង ពិភពបាល់ទាត់បច្ចុប្បន្ន អ្នកគាំទ្រភាគច្រើនជឿថា តារាឆ្នើម Lionel Messi និង Cristiano Ronaldo គឺជាកំពូលកីឡាកររបស់ពិភពលោកគ្មានគូប្រៀប ដោយសារតែរយៈពេល១ទសវត្សរ៍ចុងក្រោយនេះ កីឡាករទាំង២ បានលើកពាន Ballon d’Or ដល់ទៅ៧ដង។
ចុះប្រិយមិត្តធ្លាប់គិតទេថា បើគ្មាន Messi និង Ronaldo តើពិភពបាល់ទាត់ មានរឿងអ្វីកើតឡើងខ្លះ? ចង់ដឹង សូមទស្សនាខាងក្រោម៖
១. Fernando Torres អាចនឹងបានឈ្នះពានរង្វាន់ Ballon d’Or៖
កាលពីឆ្នាំ២០០៨ Ronaldo បានឈ្នះ Ballon d’Or លើកដំបូង ខណៈដែល Messi នៅលេខ២ និង Torres នៅចំណាត់ថ្នាក់លេខ៣។ កីឡាករជម្រើសជាតិអេស្ប៉ាញ (Torres) បង្ហាញទម្រង់លេងគួរឲ្យភ្ញាក់ផ្អើលមែនទែន សម្រាប់រដូវកាលដំបូង នៅ Liverpool ដោយស៊ុតបាន ៣៣គ្រាប់ ក្នុងការបង្ហាញខ្លួនសរុប ៤៦ប្រកួត។
២. Chelsea អាចបានឈ្នះ UEFA Champions League ២ដង៖
Chelsea លេងវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League លើកដំបូង កាលឆ្នាំ២០០៨ ពេលប៉ះ Manchester United នៅទីក្រុង Moscow ប្រទេសរុស្សី។ Man Utd បាននាំមុខមុន ដោយការតែតរបស់ CR7 មុនពេល Frank Lampard រកគ្រាប់ឲ្យតោខៀវ តាមស្មើ ១-១។ ក្រុមទាំង២ ត្រូវកាត់ក្ដីគ្នា ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី ហើយអ្នកចាំទី Edwin van der Sar បានក្លាយជាវីរបុរស របស់ក្រុមបិសាចក្រហម នាពេលនោះ ដោយសារជួយសង្គ្រោះបាល់បានជាច្រើនគ្រាប់ និងជួយឲ្យ Man Utd លើកពាន។
៣. កំណត់ត្រារបស់ Gerd Muller អាចនឹងនៅដដែល៖
កាលឆ្នាំ១៩៧២ Gerd Muller បានបំបែកកំណត់ត្រា ដោយស៊ុតបានច្រើនគ្រាប់ជាងគេ ក្នុងរយៈពេល១រដូវកាល ចំនួន៨៥គ្រាប់ ឲ្យក្រុម Bayern Munich។ ប៉ុន្តែលុះដល់ឆ្នាំ២០១២ Messi បានបំបែកកំណត់ត្រាវិញ ដោយអាចស៊ុតបាន ៩១គ្រាប់ ក្នុង១រដូវកាល។ រីឯ Ronaldo ស៊ុតបាន ៦៦, ៦៩ និង ៦១គ្រាប់ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយ។
៤. Zlatan Ibrahimovic អាចក្លាយជាតារាឆ្នើម នៅ Barcelona៖
Zlatan មិនដែលបរាជ័យទេ ពោលគឺទៅក្លិបណា តែងជួយក្លិបនោះលើកពានជាច្រើន។ ប៉ុន្តែ កាលឆ្នាំ២០០៩ កីឡាករជម្រើសជាតិស៊ុយអែត បានផ្ទេរពី Inter Milan ទៅ Barcelona។ ប៉ុន្តែក្រោមការដឹកនាំរបស់ Pep Guardiola, អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ បានដាក់ Messi ឲ្យលេងជាខ្សែប្រយុទ្ធជម្រើសដំបូងវិញ ដោយ Zlatan និង Thierry Henry ជាជម្រើសបន្ទាប់។
៥. Wayne Rooney អាចក្លាយជាតារាសំណព្វចិត្ត របស់អ្នកគាំទ្រក្រុម Man Utd៖
Rooney បានផ្ទេរទៅ Man Utd ក្រោយ Ronaldo ១ឆ្នាំ ប៉ុន្តែប្រធានក្រុមជម្រើសជាតិអង់គ្លេស និងប្រធានក្រុមបិសាចក្រហមបច្ចុប្បន្នរូបនេះ មិនអាចប្រៀបផ្ទឹមនឹងតារាឆ្នើម CR7 បានទេ ក្នុងក្រសែភ្នែកអ្នកគាំទ្របិសាចក្រហម កាលពីកីឡាករទាំង២រូបនេះ នៅ Old Trafford ជាមួយគ្នា។
៦. ពានរង្វាន់ Ballon d’Or អាចមិនមែនមានតែកីឡាករ២នាក់ទេ ដែលប្រជែងគ្នា៖
រយៈពេល៧ឆ្នាំចុងក្រោយ Messi និង Ronaldo បានឈ្នះ Ballon d’Or ទាំង៧ ដោយកីឡាករកីឡាករព័រទុយហ្គាល់ ឈ្នះកាលឆ្នាំ២០០៨ ហើយបន្ទាប់មកកីឡាករអាហ្សង់ទីន (Messi) ឈ្នះ៤ដងជាប់គ្នា ដល់ឆ្នាំ២០១២។ ប៉ុន្តែនៅឆ្នាំ ២០១៣ និង២០១៤ Ronaldo ឈ្នះជាប់គ្នាវិញ។
៧. Gareth Bale និង Neymar អាចនឹងក្លាយជាប្រធានបទក្ដៅ ដូច Messi និង Ronaldo៖
កាលឆ្នាំ២០១៣ ពេលដែល Barcelona ទិញ Neymar ហើយ Real Madrid ទិញ Gareth Bale នោះ មានមតិជាច្រើនយល់ថា Neymar និង Bale នឹងក្លាយជាប្រធានបទក្ដៅ របស់អ្នកគាំទ្របាល់ទាត់ ដែលនឹងលើកយកទៅប្រៀបធៀបគ្នា។ ប៉ុន្តែរហូតទល់បច្ចុប្បន្ន Messi និង Ronaldo នៅតែជាទីចាប់អារម្មណ៍ខ្លាំងបំផុតដដែើ។
៨. បាល់ទាត់ អាចនឹងមិនល្អមើលខ្លាំងដូចបច្ចុប្បន្ន៖
Messi និង Ronaldo បានជួយឲ្យអ្នកគាំទ្រជុំវិញពិភពលោក កម្សាន្តអារម្មណ៍នូវភាពអស្ចារ្យជាច្រើន ក្នុង១ទសវត្សរ៍ចុងក្រោយ។ បើទុកការប្រជែងគ្នារវាងអ្នកទាំងពីរទៅម្ខាង នោះប្រាកដណាស់ថា តារាឆ្នើមទាំងពីររូបនេះ គឺជាកំពូលកីឡាករដូចគ្នា៕