អ្នក ចាំទី Petr Cech របស់ក្រុម Chelsea បានយល់ព្រមលក្ខខ័ណ្ឌផ្ទាល់ខ្លួនជាមួយ Arsenal ហើយ នៅឡើយតែភាគីខាងក្លិបទាំងពីរចរចាតម្លៃខ្លួនទៀតប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស Sky Sports។
លោក Jose Mourinho អ្នកចាត់ការក្រុម Chelsea ធ្លាប់បាននិយាយថា Cech មិនមែនជាកីឡាករសម្រាប់លក់ចេញនោះទេក្នុងរដូវកាលដោះដូរកីឡាករ នេះ ប៉ុន្តែប្រសិនបើរូបគេចង់ចាកចេញមែននោះខាងក្លិបក៏មិនអាចឃាត់ បានដែរ។ ដោយសំអាងលើពាក្យប៉ុន្មានមាត់នេះ ក្រុមកាំភ្លើងធំ Arsenal កំពុងតែរំអុកអ្នកចាំទីរូបនេះជាខ្លាំង ដើម្បីបានរូបគេទៅលេងនៅ Emirates នៅរដូវកាលក្រោយ។
Sky Sports បានឱ្យដឹងថាខាងសាមីខ្លួន Petr Cech បានយល់ព្រមលក្ខខ័ណ្ឌផ្ទាល់ខ្លួនជាមួយកាំភ្លើងធំរួចទៅហើយ ពោលគឺរូបគេទៅលេងនៅទីនោះនឹងបានប្រាក់ ១០ម៉ឺនផោនក្នុងមួយសប្ដាហ៍។ នេះសបញ្ជាក់ឱ្យឃើញថា Arsenal នៅចាំតែនិយាយថ្លៃជាមួយតោខៀវប៉ុណ្ណោះ នឹងអាចប្រកាសពីការផ្ទេរជាផ្លូវការហើយ។
អ្នកចាំទីវ័យ៣៣ឆ្នាំខាងលើនេះ ចូលលេងជាមួយ Chelsea តាំងពីឆ្នាំ២០០៤ មក ហើយរយៈពេល១១ឆ្នាំមកនេះ រូបគេបង្ហាញខ្លួនបាន៣៣៣ប្រកួត និងជួយឱ្យក្រុមឈ្នះពានជាច្រើនផងដែរ។ ដោយសារតែរដូវកាលទើបតែបញ្ចប់ទៅនេះ អ្នកចាំទីសាធារណរដ្ឋឆេករូបនេះមិនសូវបានចូលលេងទេ ពោលគឺ Thibaut Courtois ជាអ្នកជាប់ជម្រើសដំបូងទើបធ្វើឱ្យរូបគេចង់ផ្លាស់ចេញតែម្ដង៕