សេចក្ដីរាយការណ៍ ពីអេស្ប៉ាញ បានឲ្យដឹងថា ការដែលលោក Carlo Ancelotti ត្រូវបានបណ្ដេញចេញពីតំណែងអ្នកចាត់ការក្រុម Real Madrid ដោយសារតែម្ចាស់ក្លិបលោក Florentino Perez មិនពេញចិត្តរឿងដូរ Gareth Bale ចេញអំឡុងពេលប្រកួត La Liga មួយ ដែលស្តេចស ចាញ់ Valencia ២-១ កាលពីដើមខែមករា។
ម្ចាស់ក្លិប Real លោក Florentino Perez
ប្រភពបានបញ្ជាក់ថា កាលពីប្រកួតដែលក្រុម Real ចាញ់ Valencia ២-១ កាលពីថ្ងៃទី០៤ ខែមករា ម្ចាស់ក្លិបអន់ចិត្តយ៉ាងខ្លាំង ចំពោះលោក Ancelotti ដោយសារតែអ្នកចាត់ការសញ្ជាតិអ៊ីតាលី បានដូរ Bale ចេញនៅ ២០នាទីចុងក្រោយ។ ហើយការបរាជ័យមួយនោះ បានធ្វើឲ្យក្រុមអធិរាជស កាន់តែបាត់បង់ឱកាសលើកពាន La Liga។
យោងតាមកាសែតអេស្ប៉ាញ AS បានឲ្យដឹងថា ម្ចាស់ក្លិប Real លោក Perez ត្រូវបានគេសួរថា មូលហេតុអ្វី បានលោកបណ្ដេញលោក Ancelotti ចេញពីតំណែង? បុរសសញ្ជាតិអេស្ប៉ាញ បានឆ្លើយតបថា “ដោយសារតែបាត់បង់ជំនឿចិត្ត”។
ជាងនោះទៀត នៅពេលដែល សួរបន្តថា ចុះហេតុអ្វីបានលោកបាត់បង់ជំនឿចិត្តលើអ្នកចាត់ការ ដែលធ្លាប់ជួយឲ្យ Real លើកពាន៤ នៅរដូវកាលដំបូង? ម្ចាស់ក្លិបវ័យ ៦៨ឆ្នាំ បានបន្ថែមថា៖ “ព្រោះតែ Bale, Bale ជាកីឡាករសំខាន់ សម្រាប់យើង ប៉ុន្តែ Ancelotti បានដូរគាត់ចេញ ហើយខ្ញុំបានព្យាយាមពន្យល់គាត់ តែ Carlo នៅតែមិនយល់។ បន្ទាប់មកខ្ញុំក៏អស់ជំនឿ”។
លោក Ancelotti ត្រូវបានក្លិប Real Madrid បណ្ដេញចេញពីតំណែងអ្នកចាត់ការ កាលពីចុងខែឧសភា ក្រោយដឹកនាំក្លិបយក្សអេស្ប៉ាញមួយនេះបាន២រដូវកាល ខណៈដែលលោក Rafael Benitez បានក្លាយជាអ្នកចាត់ការថ្មីវិញ ដោយចុះកុងត្រារយៈពេល ៣ឆ្នាំ៕