វីរបុរសប្រេស៊ីល Ronaldinho បានលើកឡើងថា ការចាប់ដៃគូគ្នាលេងនៅតំបន់ខ្សែបម្រើរវាង កីឡាករចំណូលថ្មី Roberto Firmino និង Philippe Coutinho គឺជាសុបិនសម្រាប់ខ្សែប្រយុទ្ធក្រុម Liverpool គ្រប់រូប និងជឿថាខ្សែប្រយុទ្ធនឹងងាយស្រួលរកគ្រាប់បាល់ ដោយសារកីឡាករទាំង២ មានសមត្ថភាពខ្ពស់បង្កើតឱកាសច្រើន។
ក្លិបហង្សក្រហម Liverpool បានព្រមព្រៀងទិញយកតារាវ័យក្មេងក្រុមជម្រើសជាតិប្រេស៊ីល Roberto Firmino របស់ Hoffenheim កាលពីម្សិលមិញ នូវតម្លៃថ្លៃបំផុតទី២ ក្នុងប្រវត្តិសាស្ត្រក្លិប ២៩លានផោន (ជាង៤៥,៦លានដុល្លារ) ដោយរង់ចាំតែពិនិត្យសុខភាពប៉ុណ្ណោះ ក្រោយបញ្ចប់ភារកិច្ច នៅ Copa America។
កីឡាករជ័យលាភី 2002 World Cup (Ronaldinho) ជឿថាក្រុម Liverpool នឹងខ្លាំងជាងមុន ជាពិសេសនឹងអាចរកគ្រាប់បាល់បញ្ចូលទីបានច្រើន ដែលជាដំណោះស្រាយដ៏ល្អ បន្ទាប់ពីរដូវកាលមុន ស៊ុតបានតែ៥២គ្រាប់ពេញ១រដូវកាលនៅ Premier League។
Ronaldinho បាននិយាយថា៖ “សម្រាប់ Liverpool ដែលមាន Coutinho និង Firmino គឺជាសមិទ្ធផលដ៏ធំធេងសម្រាប់ពួកគេ។ ពួកគេនឹងក្លាយជាក្រុម ដែលមានខ្សែបម្រើដ៏គួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុត នៅអឺរ៉ុប។ គំនិតច្នៃប្រឌិត ភាពឈ្លាសវៃ និងគ្រាប់បាល់របស់ពួកគេទាំង២ នឹងអាចផ្លាស់ប្ដូរក្រុម Liverpool ទាំងមូល”។
កីឡាករវ័យ៣៥ឆ្នាំបន្ថែមថា៖ “ការដែលមានខ្សែបម្រើទាំង២រូបនេះ នឹងធ្វើឲ្យហង្សក្រហម មានឱកាសច្រើន ដើម្បីអាចស្វែងរកកៅអីលេងនៅ UEFA Champions League រដូវកាលក្រោយ។ វាជាក្ដីសុបិនសម្រាប់ខ្សែប្រយុទ្ធ Liverpool ដែលមានខ្សែបម្រើល្អៗដូចនេះ។ បើអ្នកមិនអាចរកគ្រាប់បាល់បាន ពេលដែលមាន Coutinho និង Firmino ជាខ្សែបម្រើ នោះអ្នកនឹងមិនអាចស៊ុតចូលទី នៅក្រុមណាទាំងអស់ ព្រោះពួកគេទាំង២ នឹងបង្កើតឱកាសឲ្យច្រើនបំផុត”៕