កាលខែមុន ក្រុមហ៊ុនលក់សំលៀកបំពាក់អង់គ្លេស MS បានបង្ហើបឲ្យដឹងក្រុមអង់គ្លេស អាចនឹងពាក់ឈុតថ្មី ដែលផលិតនៅកម្ពុជា តែមិនទាន់សម្រេចផ្លូវការទេ។ ប៉ុន្តែម្សិលមិញលោក Stuart Turner នាយកផ្នែកពាណិជ្ជកម្មរបស់សហព័ន្ធបាល់ទាត់អង់គ្លេស បានប្រកាសបង្ហាញឈុតថ្មីនេះជាផ្លូវការ ដោយមានកីឡាករល្បីៗជាច្រើនបង្ហាញម៉ូដ។
តាមពិត ឈុតសំលៀកបំពាក់ធំនេះដំបូងឡើយរចនាម៉ូដនៅអង់គ្លេស តែត្រូវផលិតឆ្លងកាត់ដំណាក់កាលផលិតជាច្រើនប្រទេស ដូចជា អូស្ត្រាលី ចិន អ៊ីតាលី រ៉ូម៉ានី Yorkshire និងផលិតចេញរូបរាងសម្រេចជាផ្លូវការនៅប្រទេសកម្ពុជា មុននឹងបញ្ជូនទៅក្រុមហ៊ុនលក់ចេញនៅអង់គ្លេសវិញ។
ឈុតធំថ្មីផលិតឆ្លងកាត់ជាច្រើនប្រទេស រួមទាំងកម្ពុជា
កីឡាករឆ្នើមៗមួយចំនួន បានបង្ហាញស្លៀកបង្ហាញឈុតថ្មីនេះ ដោយក្នុងរួមមានដូចជា Chris Smalling របស់ក្រុម Manchester United, Adam Lallana របស់ក្រុម Liverpool, Joe Hart របស់ Manchester City, Harry Kane របស់ Tottenham Hotspur, Gary Cahill របស់ Chelsea, Ross Barkley របស់ Everton, Kieran Gibbs របស់ Arsenal និងកីឡាករមួយចំនួនទៀត។
តោកំណាចអង់គ្លេស របស់លោក Roy Hodgson ដែលរក្សាកំណត់ត្រាឈ្នះ១០០%នៅវគ្គសន្សំពិន្ទុតាមពូល នឹងត្រូវប៉ះក្រុមជើងឯក World Cup ឥន្ទ្រីដែកអាល្លឺម៉ង់នៅទីក្រុងប៊ែរឡាំង និងប៉ះហូឡង់នៅ Wembley នាចុងខែមិនា សម្រាប់ប្រកួតមិត្តភាព មុនធ្វើដំណើរទៅ Euro 2016 បើកឆាកប៉ះរុស្សី នៅទីក្រុង Marseille នាថ្ងៃទី១១ ខែមិថុនា៕