បើទោះជាត្រូវបានចាត់ចូលជាភាពយន្តកម្រិត R (សម្រាប់តែអ្នកទស្សនាអាយុ ១៨+) ប៉ុន្តែខ្សែភាពយន្តវីរបុរស “Deadpool” នៅតែអាចរកចំណូលបានច្រើនលើសពីការរំពឹងទុក និងបំបែកកំណត់ត្រាជាច្រើនលើតារាងចំណូលភាពយន្ត Box Office។
សម្រាប់សប្ដាហ៍ដំបូងរបស់ខ្លួន ភាពយន្តថ្មីរបស់ក្រុមហ៊ុន Fox អាចរកចំណូលបាន២៦០លានដុល្លារពីការបញ្ចាំងនៅប្រទេសផ្សេងៗជុំវិញ ពិភពលោក។ ក្នុងនោះចំណូលពីអាមេរិកខាងជើងក្នុងរយៈពេល៣ថ្ងៃកន្លងទៅគឺ ចំនួន ១៣៥លានដុល្លារ។
“Deadpool” ជាខ្សែភាពយន្តវីរបុរសមានលក្ខណៈកំប្លែងៗ រៀបរាប់ពីតួអង្គ Wade Wilson ដែលទទួលថាមពលពិសេសបន្ទាប់ពីឆ្លងកាត់ការពិសោធមួយដើម្បីព្យាបាល ជំងឺមហារីក។
Ryan Reynolds ដែលជាតួឯក និងជាផលិតករម្នាក់នៃខ្សែភាពយន្តនេះបានចំណាយពេលច្រើនជាងមួយ ទសវត្សដើម្បីជំរុញក្រុមហ៊ុន Fox ឲ្យផលិតភាពយន្តនេះឡើង ក្រោយមានការបដិសេធពីផលិតកម្មដទៃ។ ជាលទ្ធផលការបណ្ដាក់ទុនមួយនេះបានទទួលផលច្រើនលើសពីការរំពឹងទុក របស់អ្នកគ្រប់គ្នា។
តាមរយៈចំណូលដ៏ច្រើនសន្ធឹកសន្ធាប់នេះ “Deadpool” អាចបំបែកកំណត់ត្រាបានយ៉ាងច្រើនភ្លាមៗនៅអាមេរិក ដូចជា៖
– ភាពយន្តកម្រិត R ដែលរកចំណូលបានច្រើនបំផុតក្នុងសប្ដាហ៍ទីមួយ
– ភាពយន្តរបស់ Fox ដែលរកចំណូលបានច្រើនបំផុតក្នុងសប្ដាហ៍ទីមួយ
– ស្នាដៃដឹកនាំលើកទីមួយ ដែលទទួលបានជោគជ័យបំផុត (ស្នាដៃដឹកនាំដំបូងរបស់Tim Miller)
– ភាពយន្តជោគជ័យបំផុតសម្រាប់ថ្ងៃបុណ្យ Valentine’s Day និង President’s Day
– ភាពយន្តជោគជ័យបំផុតក្នុងខែមករា និងកុម្ភៈ
– ភាពយន្តកម្រិត R ដែលរកចំណូលបានច្រើនបំផុតនៅថ្ងៃព្រហស្បតិ៍ (១២,៧លានដុល្លារ)
ទស្សនាវីដេអូ Trailer របស់ “Deadpool”៖