Cristiano Ronaldo រកបានហែតទ្រីក (៣គ្រាប់ម្នាក់ឯង) ជួយឲ្យក្រុមស្ដេចស Real Madrid បំបាក់ Espanyol ៦-០ ក្នុងការប្រកួត La Liga សប្ដាហ៍ទី២២យប់មិញ។
៦គ្រាប់របស់ម្ចាស់ផ្ទះ Real គឺបើកឆាកដំបូងដោយការតែតរបស់ Karim Benzema នាទីទី៧ រីឯ Ronaldo ស៊ុតបាល់ពិន័យ១១ម៉ែត្រនាទី១២ និងញាក់កិបខ្សែការពារ២នាក់ស៊ុតចុងតង់ទី១ មុនពេលតារាឆ្នើមរូបនេះ តែត១គ្រាប់ទៀតនៅនាទី៨២។ ចំណែក២គ្រាប់ទៀតគឺរកបានដោយ James Rodriguez ស៊ុតកោងជើងឆ្វេងយ៉ាងស្អាតនាទី១៦ ខណៈដែលគ្រាប់ទី៦ ជាគ្រាប់ចូលទីខ្លួនឯងរបស់ Oscar Duarte នាទី៨៦។
ដូច្នេះអ្នកចាត់ការថ្មី Zinedine Zidane ពិតជាដឹកនាំ Real ធ្វើបានល្អណាស់ នៅប្រកួតក្នុងដី៣ប្រកួតដំបូងដោយឈ្នះ Deportivo ៥-០, ឈ្នះ Sporting ៥-១ និងឈ្នះប្រកួតនេះ ៦-០ ទៀត ប៉ុន្តែប្រកួតក្រៅដី១ប្រកួតមុន គឺបានត្រឹមស្មើ Real Betis ១-១ ប៉ុណ្ណោះ។ លទ្ធផលនេះ Real នៅតែឈរនៅលេខ៣ដដែល ដោយចាញ់ក្រុមកំពូលតារាង Barcelona ៤ពិន្ទុ និងចាញ់ Atletico Madrid ១ពិន្ទុ៕