សម្រាប់ Zinédine Zidane យប់នេះគឺជាការប្រកួតក្របខ័ណ្ឌកំពូលអឺរ៉ុបលើកដំបូង ក្នុងនាមលោកជាអ្នកចាត់ការក្រុម និងតាំងពីឡើងដឹកនាំក្រុមស្ដេចស កាលខែមករាមក។ ដូច្នេះចាំមើលថា អ្នកចាត់ការសញ្ជាតិបារាំងរូបនេះ អាចរកជ័យជម្នះលើកដំបូងរបស់ខ្លួននៅ UEFA Champions League បានឬយ៉ាងណា?
សម្ដីអ្នកចាត់ការក្រុម៖
Luciano Spalletti អ្នកចាត់ការក្រុម AS Roma៖ “ខ្ញុំគិតថា គ្មានក្រុមណាមានប្រៀបជាងគេ ក្រុមទាំង២សង្ឃឹម៥០%ដូចគ្នា។ ខ្ញុំគ្មានគម្រោងបិទ Cristiano Ronaldo នោះទេ ហើយខ្ញុំក៏មិនប្រើកូនក្រុមរបស់ខ្ញុំ៣នាក់ ទៅបិទគាត់ម្នាក់ដែរ។ ខ្ញុំគិតថា កីឡាកររបស់ខ្ញុំ មិនចាំបាច់យក៣នាក់ទៅបិទសមត្ថភាពរបស់ Ronaldo ម្នាក់ឡើយ”។
Zinédine Zidane អ្នកចាត់ការក្រុម Real Madrid៖ “Champions League ជាការប្រកួតប្រជែងមួយខុសគ្នាឆ្ងាយពី La Liga ហើយ Roma ជាក្រុមមួយខ្លាំង ដូច្នេះវានឹងក្លាយជាការពិបាកសម្រាប់យើង។ ប៉ុន្តែយើងបានហ្វឹកហាត់យ៉ាងល្អ និងបានត្រៀមខ្លួនរួចរាល់ហើយ។ យើងមានសម្ពាធបន្តិចបន្តួច ព្រោះយើងជា Real Madrid ដែលចាត់ទុក Champions League ជាពានរង្វាន់ដ៏សំខាន់បំផុតរបស់ក្លឹប ប៉ុន្តែវាគ្មានបញ្ហាអ្វីនោះទេ”។
ជើងកីឡាករ៖
ម្ចាស់ផ្ទះ Roma នឹងអវត្តមានខ្សែការពារ Elio Capradossi (របួសជង្គង់) ខណៈដែល Daniele De Rossi និង Francesco Totti មានបញ្ហារបួសកំភួនជើងបន្តិចបន្តួច តែអាចនឹងចូលលេងបាន។ ដូច្នេះ១១នាក់ដំបូងរបស់ Roma អាចជា៖ Szczęsny; Rüdiger, De Rossi, Manolas; Florenzi, Pjanić, Keita, Nainggolan, Digne; Salah, Džeko។
រីឯក្រុមភ្ញៀវ Real នឹងអវត្តមានកីឡាករសំខាន់ Gareth Bale (របួសកំភួនជើង) និង Pepe (របួសជើង) ខណៈដែល Marcelo ដែលត្រឡប់ពីរបួសស្មា សង្ឃឹមអាចលេងបានយប់នេះ។ ដូច្នេះ១១នាក់ដំបូងរបស់ក្រុមស្ដេចស អាចជា៖ Navas; Marcelo/Carvajal, Varane, Sergio Ramos, Danilo; Modrić, Kroos, Isco; James Rodríguez, Benzema, Ronaldo។
ប្រវត្តិជួបគ្នា និងស្ថិតិមួយចំនួន៖
Roma ប្រកួតជាមួយ Real កាលពានមិត្តភាព ICC
– ក្រុមទាំង២នេះ ធ្លាប់ប៉ះគ្នាសរុប៨ដងនៅ UEFA Champions League ដោយក្នុងនោះ Real ឈ្នះ៤, Roma ឈ្នះ៣ និងស្មើ១។ ជួបគ្នាចុងក្រោយកាលឆ្នាំ២០០៨ វគ្គ១៦ក្រុមនេះដែរគឺ Real Madrid ចាញ់ ២-១ ទាំងពីរជើង។
– Roma ឈ្នះតែ១ប្រកួតប៉ុណ្ណោះ ក្នុងចំណោម៦ប្រកួតនៅវគ្គសន្សំពិន្ទុតាមពូល និងធ្លាប់ចាញ់ Barcelona ៦-១ ផ្ទុយទៅវិញ Real ឈ្នះ៥ប្រកួតនៅវគ្គសន្សំពិន្ទុតាមពូលរដូវកាលនេះ និងស៊ុតចូលគេ១៩គ្រាប់។
– Ronaldo គឺជា Top Scorer ក្នុងប្រវត្តិសាស្ត្រ UEFA Champions League ដោយស៊ុតសរុបបាន៨៨គ្រាប់ និងស៊ុត១១គ្រាប់ ក្លាយជា Top Scorer បណ្ដោះអាសន្ននៅរដូវកាលនេះផងដែរ។
– Roma ២៥ប្រកួតនៅលីគ Serie A ចាញ់៤ មាន៤៧ពិន្ទុកំពុងឈរលេខ៤ ខណៈដែល Real ២៤ប្រកួតនៅលីគអេស្ប៉ាញ La Liga ចាញ់៣ មាន៥៣ពិន្ទុ ស្ថិតនៅលេខ៣៕