• ព័ត៌មានថ្មី

    Tuesday, June 2, 2015

    រោងភាពយន្ត Legend ចែក​អំណោយ​ដល់​ក្មេង​កំព្រា ថ្ងៃ​សិទ្ធិ​កុមារ​អន្តជាតិ​

    អំណោយ ​​​ជា​ច្រើន មាន ប៊ិច សៀវភៅ ខ្មៅដៃ កាបូប អង្ករ កង់ គ្រឿង បរិភោគ ព្រម​ទាំង​ថវិកា​មួយ​​ចំនួន​ទៀត ​​ត្រូវ​បាន រោងភាពយន្ត​ទំនើប Legend យក​ទៅ​ចែក​ជូន​ដល់ កុមារ​កំព្រា​ជាង ​២០០ នាក់ កាល​ពី​ម្សិល​មិញ​ ស្ថិត​ក្នុង មណ្ឌល​ពន្លឺ​​អនាគត​កុមារ ដែល​មាន​អាសយដ្ឋាន​ស្ថិត​ក្នុង​ភូមិ ព្រៃល្វា សង្កាត់ ចោមចៅ ខណ្ឌ ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ។


    លោក តែ សុង នាយកនីតិប្រតិបត្តិ​នៃ​រោងភាពយន្ត Legend Cinema Cambodia បាន​​ឲ្យ​ដឹង​ថា ដើម្បី​ចូល​រួម​អបអរ​ដល់​ទិវា សិទ្ធិ​កុមារ​អន្តជាតិ ថ្នាក់​ដឹក​នាំ​ក៏​ដូច​ជា បុគ្គលិក នៃ​រោងភាពយន្ត Legend Cinema បាន​សម្រេច​យក អំណោយ​មួយ​ចំនួន ដែល​មាន ប៊ិច សៀវភៅ ខ្មៅដៃ កាបូប អង្ករ កង់ គ្រឿង បរិភោគ ព្រម​ទាំង​ថវិកា​ ដើម្បី​បរិច្ចាគ​ដល់ កុមារ​កំព្រា ដែល​​កំពុង​ជួប​ការ​ខ្វះ​ខាត។

    លោក​លើក​ឡើង​ថា បើ​ទោះ​បី​ជា អំណោយ​ទាំង​នេះ ​មាន​ចំនួន​តិចតួច​ក៏​ពិត​មែន ប៉ុន្តែ​ក៏​ជា​ចំណែក​មួយ​ក្នុង​ការ​ជួយ​សម្រួល បាន​មួយ​​គ្រា​ ផង​ដែរ។ តាម​ការ​បញ្ជាក់​របស់​ លោក តែ សុង តាំង​ពី Legend  បាន​បង្កើត​ជិត ៤ ឆ្នាំ ​មក​នេះ គឺ​នេះ​ជា​លើក​ទី៤ ហើយ​ដែល​  Legend បាន​យក​អំណោយ​ចែក​ដល់​ក្មេងៗ​កំព្រា។ ជា​​មួយ​គ្នា​នោះ  រោងភាពយន្ត Legend ក៏​ធ្លាប់​អញ្ជើញ​ក្មេងៗ​កំព្រា​នៅ តាម​អង្គការ​ផ្សេង​ទៀត​​មក​ទស្សនា ខ្សែភាពយន្ត​ល្បីៗ​​​ជា​ច្រើន​លើក​ផង​ដែរ។

    លោក នួន សថេរ៉ូ ប្រធានប្រតិបត្តិ​នៃ មណ្ឌល​ពន្លឺ​​អនាគត​កុមារ បាន​ឲ្យ​ដឹង​ថា អង្គការ​របស់​របស់​លោក​បាន​បង្កើត​ឡើង​តាំង​តែ​ពី​ឆ្នាំ ១៩៩៥ ដោយ​បច្ចុប្បន្ន​នេះ ​​ក្មេង​​កំពុង​សិក្សា​រៀន​សូត្រ​ជាង ២០០ នាក់។ ជា​មួយ​គ្នា​នោះ​ដែរ មណ្ឌល​ពន្លឺ​​អនាគត​កុមារ ក៏​មាន​សាខា​មួយ​​ទៀត នៅ​ឯ​ខេត្ត រតនគីរី​ផង​ដែរ ដែល​បច្ចុប្បន្ន​នេះ ​ជា​ក្មេងៗ​កំព្រា ជាង ​៣០ នាក់ កំពុង​​ស្នាក់​នៅ សិក្សា​រៀន​សូត្រ។

    ប្រធានប្រតិបត្តិ រូប​នេះ បាន​ថ្លែង​អំណរគុណ​ដល់ រោងភាពយន្ត Legend ជា​ខ្លាំង ដែល​តែង​តែ នាំ​យក​នូវ​អំណោយ ក៏​ដូច នាំ​ក្មេងៗ​ទៅ ទស្សនា​​ខ្សែភាពយន្ត​បែប​នេះ ព្រោះ​កន្លង​មក​ក្មេង​នៃ​អង្គការ​របស់​លោក​មិន​ធ្លាប់​បាន​ទៅ ​ទស្សនា រោងភាពយន្ត​ទំនើបៗ និង ខ្សែភាពយន្ត​ល្បីៗ​​នោះ​ឡើយ។


    Legend Cinemas Cambodia (1)
    Legend Cinemas Cambodia (3)
    Legend Cinemas Cambodia (8)
    Legend Cinemas Cambodia (5)
    Legend Cinemas Cambodia (4)  Legend Cinemas Cambodia (6) Legend Cinemas Cambodia (7)
    Legend Cinemas Cambodia (9)


    លោក តែ សុង នាយកនីតិប្រតិបត្តិ​នៃ​រោងភាពយន្ត Legend Cinema និយាយ​ថា ក្រុមហ៊ុន​របស់​លោក​បង្កើត​មក​ក្រៅ​ពី​រក​ប្រាក់​ចំណេញ អំពើ​មនុស្សធម៌ គឺ​ក្រុមហ៊ុន​​តែង​តែ​បន្ត​ជួយ​ដល់​សង្គម​ជា​និច្ច​ទោះ​​តិច​ក្ដី​ច្រើន​ ក្ដី។ នៅ​ចុង​ខែ មិថុនា នៅ Legend ក៏​គ្រោង​នាំ​កុមារ​នៃ មណ្ឌល​ពន្លឺ​​អនាគត​កុមារ ទាំង​អស់​ទៅ​ទស្សនា ខ្សែភាពយន្ត​បរទេស​ដ៏​ល្បី​​មួយចំនួន​​ផង​ដែរ៕

    • Blogger Comments
    • Facebook Comments
    Item Reviewed: រោងភាពយន្ត Legend ចែក​អំណោយ​ដល់​ក្មេង​កំព្រា ថ្ងៃ​សិទ្ធិ​កុមារ​អន្តជាតិ​ Rating: 5 Reviewed By: Unknown
    Scroll to Top