• ព័ត៌មានថ្មី

    Wednesday, June 3, 2015

    Sepp Blatter លាលែង​តំណែង​ជា​ប្រធាន FIFA

    លោក Sepp Blatter ដែល​ជា​ប្រធាន​សហព័ន្ធ​កីឡា​បាល់​ទាត់​ពិភព​លោក FIFA បាន​សម្រេច​ចិត្ត​ប្រកាស​លាលែង​ពី​តំណែង​ហើយ បន្ទាប់​ពី​មាន​រឿង​អាស្រូវ​ក្នុង​ស្ថាប័ន ឈាន​ទៅ​ដល់​ការ​ចាប់​ខ្លួន​មន្ត្រី​ជាន់​ខ្ពស់​ជា​ច្រើន​រូប​កាល​ពី​សប្ដាហ៍ ​មុន។ ទោះ​យ៉ាង​ណា ប្រធាន FIFA ៥​អាណត្តិ​រូប​នេះ មិន​ទាន់​ចុះ​ចេញ​ពី​តំណែង​ភ្លាម​ៗ​ទេ ដោយ​ស្នើ​ឲ្យ​មាន​ការ​ប្រជុំ​បន្ទាន់ បោះ​ឆ្នោត​រើស​ប្រធាន​សហព័ន្ធ​ថ្មី​ជាមុន​សិន។


    ការ​ប្រកាស​លាលែង​តំណែង​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ក្នុង​វិស័យ​បាល់​ទាត់​ នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក Sepp Blatter ទើប​កាន់​តំណែង​អាណត្តិ​ថ្មី​ឆ្នាំ២០១៥ បាន​៤​ថ្ងៃ​ប៉ុណ្ណោះ។ បុរស​ជនជាតិ​ស្វីស​រួប​នេះ បាន​ស្នើ​ឲ្យ​មាន​ការ​ប្រជុំ​វិសាមញ្ញ​ភ្លាមៗ​មួយ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​សហព័ន្ធ​ថ្មី។

    កន្លង​ទៅ​ថ្មី​ៗ​នេះ ភ្នាក់ងារ​សំងាត់​របស់​សហរដ្ឋ​អាមេរិក FBI បាន​ប្រកាស​ចាប់​ខ្លួន​ថ្នាក់​ដឹក​នាំ​កំពូល​១៤​រូប​របស់​ FIFA ដោយ​សារ​រក​ឃើញ​ថា​មាន​ជាប់​ពាក់​ព័ន្ធ​ជាមួយ​អំពើ​ពុក​រលួយ។ ចំណែក​លោក Sepp Blatter ដែល​ជា​ប្រធាន​សហព័ន្ធ កំពុង​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​នៅ​ឡើយ។

    យ៉ាង​ណា​ក្ដី ២​ថ្ងៃ​ក្រោយ​មក ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធាន FIFA បាន​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា ហើយ​លោក Sepp Blatter នៅ​តែ​បន្ត​តំណែង​អាណត្តិ​ថ្មី ក្រោយ​យក​ឈ្នះ​​ដៃ​គូ​ប្រជែង​ព្រះ​អង្គ​ម្ចាស់​ Ali bin al-Hussein របស់​ប្រទេស​ហ្សកដានី។

    បើ​ទោះ​ជាប់​ឆ្នោត​ក្ដី​ក៏​លោក Blatter បាន​ពោល​ពាក្យ​ថា “អំណាច​របស់​ខ្ញុំ​មិន​បាន​ទទួល​ការ​គាំទ្រ​​ពី​គ្រប់​គ្នា​ឡើយ”។ អតីត​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់ Luis Figo បាន​សាទរ​ចំពោះ​ការ​សម្រេច​ចិត្ត​នេះ ដោយ​និយាយ​ថា “ការ​ផ្លាស់​ប្ដូរ​បាន​មក​ដល់​ហើយ” ខណៈ​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីប​អឺរ៉ុប លោក Michael Platini ចាត់​ទុក​ថា​ជា​ការ​សម្រេច​ចិត្ត​ដ៏​ក្លាហាន និង​ត្រឹម​ត្រូវ។

    លោក Sepp Blatter ដែល​បច្ចុប្បន្ន​មាន​អាយុ ៧៩​ឆ្នាំ ធ្លាប់​ជាប់​ជា​ប្រធាន​សហព័ន្ធ​កីឡា​បាល់​ទាត់​ពិភពលោក FIFA ​៥​អាណត្តិ​មក​ហើយ ដោយ​រាប់​ចាប់​តាំង​ពី​​ឆ្នាំ ១៩៩៨, ២០០២, ២០០៧, ២០១១ ​និង ឆ្នាំ​២០១៥ ដែល​ទើប​បោះ​ឆ្នោត​​កាល​ពី​ថ្ងៃ​ទី៣០ ខែ​ឧសភា​កន្លង​ទៅ​នេះ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Sepp Blatter លាលែង​តំណែង​ជា​ប្រធាន FIFA Rating: 5 Reviewed By: Unknown
    Scroll to Top