David Beckham ដែលមានប្រជាប្រិយភាពខ្លាំងពាសពេញពិភពលោក បានទទួលបានរង្វាន់ Legend Of Football ក្នុងកម្មវិធី HMV Football Extravaganza លើកទី២០។
ពានរង្វាន់នេះ គឺត្រូវប្រគល់ឱ្យទៅបុគ្គលណាដែលមានសមត្ថភាពលេងបាល់ល្អ និងចេះជួយដល់សង្គមជាតិច្រើន មិនថាតាមរូបភាពណាក៏ដោយ។ ចំណែកឯ Beckham វិញ អំឡុងពេល២០ឆ្នាំជាកីឡាករបាល់ទាត់ រូបគេបានឈ្នះពានរង្វាន់ធំៗដល់ទៅ១៧ផ្សេងៗគ្នា ដោយបូករួមទាំងនៅក្លិប Manchester United , Real Madrid , LA Galaxy, AC Milan និង Paris Saint-Germain ជាដើម។
ម្ចាស់ពានរង្វាន់មេដាយប្រាក់ FIFA World Player of the Year ២សម័យកាលរូបនេះ ជាកីឡាករអង់គ្លេសដំបូងគេបង្អស់ដែលអាចឈ្នះពានរង្វាន់លីកកំពូល៤ ផ្សេងគ្នា ពោលគឺនៅអង់គ្លេស អេស្ប៉ាញ អាមេរិកនិងបារាំង។ បុរសវ័យ៤០ឆ្នាំរូបនេះក៏ជាកីឡាករដែលបានចូលលេងឱ្យក្រុមជម្រើស ជាតិអង់គ្លេសបានច្រើនជាងគេលំដាប់ទី២ផងដែរ ១១៥ប្រកួត។
ក្រោយបានទទួលពានរង្វាន់ Legend Of Football ពីដៃរបស់អតីតមិត្តរួមក្រុម Ryan Giggs បុរសសង្ហារសំបូរស្នេហ៍ខាងលើបាននិយាយថា៖ “ខ្ញុំពិតជាមានមោទនភាពណាស់ដែលបានទទួលយកវា។ ពេលដែលអ្នកបានឃើញបញ្ជីឈ្មោះបេក្ខជនទាំងអស់ដែលសុទ្ធតែជាអ្នក ល្បី ហើយមានឈ្មោះយើងដែរនោះ អ្នកនឹងស្ញប់ស្ញែងខ្លួនឯងមិនខាន”៕