• ព័ត៌មានថ្មី

    Tuesday, September 8, 2015

    អត្ថន័យ​សំបុត្រ​មួយ​សន្លឹក​ក្នុង​ហោប៉ៅ​ជន​ភៀសខ្លួន​ស៊ីរី អាន​ចប់​ទប់​ទឹក​ភ្នែក​មិន​ជាប់

    សំបុត្រ ​មួយ​សន្លឹក​រក​ឃើញ​ក្នុង​ហោប៉ៅ​ជន​ភៀស​ខ្លួន​​ស៊ីរី​ម្នាក់ ដែល​លង់ទឹក​ស្លាប់​នៅ​​សមុទ្រ​មេឌីទែរ៉ាណេ​ពេល​ធ្វើ​ដំណើរ​គេច​ពី​សង្គ្រាម​ ទៅ​តំបន់​អឺរ៉ុប កំពុង​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​រំជួល​ចិត្ត​យ៉ាង​ខ្លាំង។



    ក្នុង​សំបុត្រ​មួយ​សន្លឹក​នោះ​មាន​អត្ថន័យ​ទាំង​ស្រុង​ថា៖

    “អ្នក​ម្ដាយ​ជា​ទី​នឹក​រលឹក, ឲ្យ​​កូន​សុំទោស ដែល​ទូក​លិច ហើយ​កូន​មិន​អាច​ធ្វើដំណើរ​ដល់​អឺរ៉ុប។ កូន​សុំទោស ដែល​កូន​មិន​អាច​ផ្ញើ​លុយ ម៉ែ​ខ្ចី​គេ​សម្រាប់​ការ​ធ្វើ​ដំណើរ​តាម​ទូក​របស់​កូន។ កុំ​កើត​ទុក្ខ​អី បើ​គេ​រក​សព​កូន​មិន​ឃើញ ក្នុង​សមុទ្រ​ដ៏​ធំ​ល្វឹង​ល្វើយ​នេះ… វា​មិន​អាច​នាំ​កូន​ឲ្យ​ជួប​អ្នក​ម្ដាយ​វិញ​ទេ មាន​តែ​នាំ​បំណុល ពិធីបុណ្យ កន្លែង​កប់​សព និង​ថ្លៃ​ចំណាយ​ដឹក​ជញ្ជូន​ប៉ុណ្ណោះ។

    កូន​ពិត​ជា​សោក​ស្ដាយ​ខ្លាំង​ណាស់ ដែល​សង្គ្រាម​កើតឡើង ហើយ​កូន​សោក​ស្ដាយ​ដែល​ត្រូវ​ចាកចេញ​ដូច​ក្មេង​ដទៃ​ទៀត ទាំង​មាន​ក្ដី​ស្រមៃ​ជាប់​ខ្លួន។ ក្ដី​ស្រមៃ​របស់​កូន​នោះ​មិន​ធំ​ពេក​ទេ… កូន​គ្រាន់​តែ​ចង់​បាន​ថ្នាំ​មួយ​ដប​សម្រាប់​ជំងឺ​ម៉ែ និង​លុយ​កាក់​ខ្លះ​សម្រាប់​ព្យាបាល​ធ្មេញ​របស់​អ្នកម្ដាយ។ និយាយ​អ៊ីចឹង, ធ្មេញ​កូន​ពេល​នេះ​ប្រែ​ពណ៌​ជា​បៃតង​អស់​ហើយ ដោយសារ​ជាប់​សារាយ​ច្រើន​ពេក។

    កូន​សុំ​ទោស ដែល​កូន​បាន​សង់​ផ្ទះ​ក្នុង​ក្ដី​ស្រមៃ​របស់​កូន​ជូន​អ្នក​ម្ដាយ, វា​គឺ​ជា​ផ្ទះ​ឈើ​ដ៏​កក់​ក្ដៅ​មួយ​ដូច​ក្នុង​រឿង​អ៊ីចឹង។ ផ្ទះ​ដែល​នៅ​ដាច់​ឆ្ងាយ​ពី​គ្រឿង​ផ្ទុះ សំឡេង​យន្តហោះ និង​អ្នក​ប្រកាន់​បក្សពួក​នៅ​ជុំវិញ​យើង។

    សុំ​ទោស​ប្អូន​ប្រុស, បង​សុំ​ទោស​ដែល​មិន​អាច​ផ្ញើ​លុយ ៥០​ដុល្លារ ដែល​បង​សន្យា​ថា​ផ្ញើ​ឲ្យ​ឯង​រៀងរាល់​ខែ ដើម្បី​ទិញ​របស់​ស្អាត​ៗ​មុន​បញ្ចប់​ការ​សិក្សា។ ប្អូន​ស្រី​ជា​ទី​នឹក​រលឹក, បង​សុំទោស​ដែល​មិន​អាច​ផ្ញើ​ទូរសព្ទ​ស្រស់​ស្អាត មាន wi-fi និង​បច្ចេកវិទ្យា​ទំនើប​មួយ​ឲ្យ​ឯង ដូច​មិត្ត​ភក្តិ​នៅ​សាលា​ទិញ។ ​​​

    ឱ​ផ្ទះ​ជា​ទី​នឹក​រលឹក, ខ្ញុំ​សុំ​ទោស​ដែល​លែង​មាន​វេលា​​ព្យួរ​​អាវ​នៅ​ក្រោយ​ទ្វារ​ឯង​ម្ដង​ទៀត។ ក្រុម​អ្នក​រុក​រក និង​អ្នកជួយ​សង្គ្រោះ​អើយ, ឲ្យ​ខ្ញុំ​សុំទោស​ដែល​ធ្វើ​ឲ្យ​អ្នក​ជួប​ការ​លំបាក តាម​ស្វែង​រក​សព​របស់​ពួក​យើង ដោយសារ​ខ្ញុំ​មិន​ស្គាល់​ឈ្មោះ​សមុទ្រ​ដែល​ខ្ញុំ​លិច​លង់​ឡើយ។

    ឱ!​សហរដ្ឋអាមេរិក និង​ភ្នាក់ងារ​រដ្ឋាភិបាល​ទាំង​ឡាយ, សូម​នៅ​ឲ្យ​មាន​ក្ដី​សុខ ហើយ​ខ្ញុំ​សូម​ធានា​ថា​មិន​ធ្វើ​ជា​បន្ទុក​របស់​អ្នក​ទៀត​ឡើយ។ អរគុណ​ទឹក​សមុទ្រ ដែល​ស្វាគមន៍​ពួក​យើង​ដោយ​គ្មាន​ទិដ្ឋាការ… អរគុណ​មច្ឆា​ទាំង​ឡាយ ដែល​នឹង​ចោះ​ស៊ី​ខ្លួន​ខ្ញុំ ដោយ​មិន​សួរ​ពី​ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ។ ​​​

    អរគុណ​ទូរទស្សន៍​គ្រប់​ប៉ុស្តិ៍ និង​បណ្ដាញ​សារព័ត៌មាន​ទាំង​ឡាយ ដែល​នឹង​ចែក​រំលែក​ព័ត៌មាន​យើង​អស់​ប៉ុន្មាន​នាទី​រៀងរាល់​ថ្ងៃ ដើម្បី​រក​លុយ​បាន​ខ្លះ ខណៈ​វា​នៅ​តែ​ទាន់​ហេតុការណ៍ និង​គួរ​ឲ្យ​ចាប់​អារម្មណ៍។ ​​

    អរគុណ​គ្រប់​គ្នា​ដែល​មាន​អារម្មណ៍​សោក​ស្ដាយ​ពួក​យើង…”
    ខ្ញុំ​សុំទោស​ដែល​ខ្ញុំ​លង់​ទឹក…”


    មិន​មាន​ប្រភព​ណា​មួយ​អះអាង​ថា សំបុត្រ​ខាង​លើ​ជា​ការ​ពិត ឬ​យ៉ាង​ណា​នោះ​ទេ ប៉ុន្តែ​សារព័ត៌មាន​នានា​បាន​យក​មក​ចុះ​ផ្សាយ​បន្ត​បន្ទាប់។ ចំណែក​ប្រភព​ដើម ពី​គណនី​​ហ្វេសប៊ុក​មួយ​ឈ្មោះ Amr Kahhaleh មាន​អ្នក​ចែក​ចាយ​របស់​ដល់​ទៅ​ជាង ១០​ម៉ឺន​ដង​ហើយ។

    រឿងរ៉ាវ​ជន​ភៀស​ខ្លួន​ពី​បណ្ដា​ប្រទេស​នានា​ដែល​ស្ថិត​ក្នុង​ភ្លើង​ សង្គ្រាម ពិសេស​គឺ​ប្រទេស​ស៊ីរី កំពុង​ក្លាយ​ជា​បញ្ហា​ដ៏​​ក្ដៅ​គគុក​មួយ។ បណ្ដា​ប្រទេស​នានា​នៅ​អឺរ៉ុប បាន​ព្រងើយ​កន្តើយ​ចំពោះ​ការ​សុំ​សិទ្ធិ​ជ្រក​កោន​របស់​ជន​ភៀស​ខ្លួន​ទាំង​ នោះ ធ្វើ​ឲ្យ​​មនុស្ស​ជា​ច្រើន​បាត់​បង់​ជីវិត​កណ្ដាល​សមុទ្រ។

    ទោះ​យ៉ាង​ណា ក្រោយ​មាន​ការ​រិះ​គន់​យ៉ាង​ខ្លាំង ជា​ពិសេស​ក្រោយ​ប្រទះ​ឃើញ​សាកសព​ក្មេង​ប្រុស​ម្នាក់​តាម​ឆ្នេរ​សមុទ្រ​មក ប្រទេស​ជា​ច្រើន​នៅ​អឺរ៉ុប​បាន​ផ្លាស់​ប្ដូរ​ឥរិយាបថ ងាក​មក​ជួយ​ជន​ភៀស​ខ្លួន​ទាំង​នោះ​វិញ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: អត្ថន័យ​សំបុត្រ​មួយ​សន្លឹក​ក្នុង​ហោប៉ៅ​ជន​ភៀសខ្លួន​ស៊ីរី អាន​ចប់​ទប់​ទឹក​ភ្នែក​មិន​ជាប់ Rating: 5 Reviewed By: Unknown
    Scroll to Top