ស្ថាបនិក បណ្ដាញ Facebook លោក Mark Zuckerberg និងភរិយា បាននិយាយកាលពីថ្ងៃអង្គារម្សិលមិញថា ពួកគេនឹងបរិច្ចាគប្រាក់ ៩៩ភាគរយនៃភាគហ៊ុនពី Facebook ដែលបច្ចុប្បន្នមានតម្លៃជាង ៤៥ប៊ីលានដុល្លារអាមេរិក សម្រាប់មូលនិធិសប្បុរសធម៌ថ្មីមួយ ដើម្បីជាការស្វាគមន៍ការចាប់កំណើតកូនស្រី Max របស់ពួកគេ។
ក្នុងលិខិតដែលសរសេរជាង ២ពាន់ពាក្យ Zuckerberg និង Chan បានលើកឡើងពីបញ្ហាមួយចំនួនដូចជា សុខភាព ការអប់រំ ការតភ្ជាប់សេវាអ៊ីនធឺណិត និងការសិក្សាមុនបង្កើតគម្រោង Chan Zuckerberg ដែលមានគោលបំណង “ជំរុញសក្ដានុពលរបស់មនុស្សនិងលើកកម្ពស់សមភាពសម្រាប់មនុស្សគ្រប់ គ្នា” តាមរយៈការព្យាបាលជំងឺ ការតម្រង់ទិសសិក្សា ការគ្រប់គ្រងថាមពល ការបង្កើតទំនាក់ទំនង ការអភិវឌ្ឍន៍សហគមន៍ ការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់សិទ្ធិមនុស្ស និងការផ្សព្វផ្សាយវប្បធម៌យោគយល់គ្នាសម្រាប់ប្រជាជាតិទាំងមូលលើ ពិភពលោក។
Max Chan Zuckerberg បានកើតកាលពីដើមសប្ដាហ៍មុន និងមានទម្ងន់ ៣,៤គីឡូក្រាមពេលកើត។ កាលពីខែមុនសេដ្ឋីវ័យ ៣១ឆ្នាំ Zuckerberg បានប្រកាសថាលោកនឹងឈប់សម្រាកពីការងាររយៈពេល ២ខែដើម្បីមើលថែទាំកូនស្រីរបស់ខ្លួន។
កន្លងមក Chan និង Zuckerberg បានបរិច្ចាគប្រាក់ជាង ១,៦ប៊ីលានដុល្លាររួចមកហើយ សម្រាប់ការជួយសង្គម។ ពួកគេបានធ្វើការបរិច្ចាគមួយចំនួនក្នុងឆ្នាំនេះ រួមមានសម្រាប់សាលារៀន ការពង្រីកការតភ្ជាប់បណ្ដាញអ៊ីនធឺណិត Wireless និងជំនួយសម្រាប់មន្ទីរពេទ្យ San Francisco General Hospital ដែល Chan ធ្វើការជាពេទ្យកុមារនៅទីនោះ ៕