ក្រុម Barcelona បានរងបរាជ័យយ៉ាងខ្លាំង ក្រោមថ្វីជើងរបស់ក្រុម Celta de Vigo នៅយប់មិញនេះដោយលទ្ធផល ៤-១ ខណៈដែលក្រុមគូប្រជែង Real Madrid បានយកឈ្នះ Bilbao ២-១ ឡើងឈរកំពូលតារាង La Liga បណ្ដោះអាសន្ន។
ក្រុមអ្នកមានបុណ្យដែលពោរពេញដោយទ័ពស្រួច Neymar, Messi និង Suarez ជាដើមនោះ មិនអាចវាយបំបែកកំពែងរបស់ម្ចាស់ផ្ទះ Celta បានទេ បែរជាត្រូវគេវាយបកវិញបាន២គ្រាប់នៅតង់ទីមួយ ដោយ Nolita នាទី២៦និង Lago Aspas នាទី៣០។ ចូលតង់ទី២ ទម្រង់សម្រុករបស់ Barca កាន់តែខ្លាំងឡើង ប៉ុន្តែមិនបានការនោះទេ ហើយត្រូវគេថែមបានមួយគ្រាប់ទៀត ដោយ Lago ដដែលនាទី៥៦។ Neymar រកបានមួយវិញនៅនាទី៨០ ក្រោយទទួលបាល់ពី Messi តែ៣នាទីក្រោយមក Guidetti ស៊ុតថែមមួយគ្រាប់វិញទៀត។ ចប់ការប្រកួតម្ចាស់ជើងឯករដូវកាលមុន ចាញ់ក្រុម Celta ដោយលទ្ធផល ៤-១ ។
អ្នកចាត់ការក្រុម Luis Enrique បាននិយាយក្រោយចប់ការប្រកួតថា៖ “អ្វីដែលធ្វើឱ្យការប្រកួតក្លាយជាយ៉ាងនេះគឺដោយសារតែកីឡាកររបស់ Celta លេងល្អ។ វាជាទម្រង់ខ្ពស់បំផុតដែលពួកគេមាន។ ពិតជាគួរឱ្យសរសើរមែន”។
ងាកទៅខាង Real Madrid វិញ ខ្សែប្រយុទ្ធ Karim Benzema ជាអ្នកជួយឱ្យបាន៣ពិន្ទុ ពោលគឺរូបគេរកបាន២គ្រាប់ក្នុងជ័យជម្នះលើក្រុម Bilbao ២-១ កាលពីយប់មិញ។ ២គ្រាប់ Benzema ធ្វើបាននៅនាទី ១៩និង ៧០ ។ ចំណែកឯមួយគ្រាប់របស់ម្ចាស់ផ្ទះ Bilbao ធ្វើបានដោយ Sabin នាទី៦៧ ។