Cristiano Ronaldo ខកខានរកគ្រាប់បញ្ចូលទី៣ប្រកួតជាប់ៗគ្នាហើយ បន្ទាប់ពីប្រកួតយប់មិញនៅតែគ្មានសំណាងទៀត ពោលគឺក្រុម Real Madrid បានត្រឹមស្មើ ០-០ ទល់នឹង Malaga ក្នុងទឹកដីខ្លួនឯងប៉ុណ្ណោះ។
ខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល់ Ronaldo ត្រូវការតែ៣គ្រាប់ទៀតប៉ុណ្ណោះ នឹងអាចបំបែកកំណត់ត្រារបស់ Raul (៣២៣គ្រាប់) ក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ ក្នុងប្រវត្តិសាស្ត្រក្លិប Real Madrid ខណៈដែលបច្ចុប្បន្នស៊ុតបាន៣២១គ្រាប់ហើយ ប៉ុន្តែ៣ប្រកួតកន្លងទៅនេះ រូបគេមិនអាចរកបាន១គ្រាប់សោះ។
និយាយពីការប្រកួតយប់មិញវិញ ក្រុមម្ចាស់ផ្ទះស្ដេចស គ្រប់គ្រងបាល់ដល់ទៅ៦៩% និងស៊ុតសរុប ៣១ជើង ខណៈដែល Ronaldo ម្នាក់ឯងស៊ុតបាន១៣ជើង ប៉ុន្តែនៅតែមិនអាចទម្លុះដៃអ្នកចាំទី Super Save របស់ក្រុម Malaga កីឡាករ Carlos Kameni បាន ហើយកីឡាករ Nordin Amrabat របស់ក្រុមភ្ញៀវទទួលបានកាតក្រហម នៅ១៣នាទីចុងក្រោយ មុនបញ្ចប់ការប្រកួតថែមទៀត។
លទ្ធផលនេះ បានធ្វើឲ្យក្រុមកំពូលតារាង Real ធ្លាក់ទៅលេខ៣ក្នុងតារាង La Liga វិញ៕