ចុង សប្ដាហ៍នេះ Sabay សូមនាំប្រិយមិត្តមកពិភាក្សាប្រធានបទមួយជាមួយគ្នា គឺហេតុអ្វីបានជាកំពូលខ្សែប្រយុទ្ធ៦រូប រកគ្រាប់បាល់លែងសូវបានរដូវកាលនេះ? បើនិយាយពីរដូវកាលមុន Sergio Aguero, Wayne Rooney, Diego Costa, Eden Hazard, Alexis Sanchez, Harry Kane សុទ្ធតែជាខ្សែប្រយុទ្ធមុតស្រួចសម្រាប់ក្រុមរៀងៗខ្លួននៅ Premier League។ ប៉ុន្តែប៉ុន្មានប្រកួតដើមរដូវកាលនេះ កីឡាករទាំងអស់ខាងលើសុទ្ធតែមិនសូវមានមុខក្នុងបញ្ជីអ្នកស៊ុត បញ្ចូលទី។
ចំនួនគ្រាប់បាល់ស៊ុតបញ្ចូលទីនៅ Premier League រដូវកាលមុននៃកីឡាករទាំង៦ (ទិន្នន័យ BBC)
តើប្រិយមិត្តអាចជួយបញ្ចេញយោបល់បានទេថាកត្តាអ្វីដែលបណ្ដាលឲ្យបែបនេះ?
បើនិយាយពី Rooney គឺជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេនៅក្នុងក្រុមជម្រើសជាតិ អង់គ្លេស។ រដូវកាលមុន ប្រធានក្រុមរូបនេះស៊ុតឲ្យ Manchester United បាន១២គ្រាប់។ ចំនួននេះមិនសូវជាច្រើនទេ តែបើមើលមកបច្ចុប្បន្នវិញគឺកាន់តែយ៉ាប់ថែមទៀត។ អតីតយុវជនរបស់ Everton រូបនេះ ខកខានស៊ុតបញ្ចូលទី១១ប្រកួតមកហើយនៅ Premier League (តពីចុងរដូវកាលមុន) ដែលជាកំណត់ត្រាអាក្រក់បំផុតសម្រាប់រូបគេចាប់តាំងពីចូលលេងក្នុង លីកកំពូលអង់គ្លេសក្នុងវ័យ១៦ឆ្នាំជាមួយ Everton នាខែសីហា ឆ្នាំ២០០២មក។
Rooney
មិនសូវខុសពី Rooney ប៉ុន្មានទេ Kane និង Sanchez ក៏ដូចគ្នាដែរ។ រដូវកាលមុន ខ្សែប្រយុទ្ធទាំង២លេចធ្លោយ៉ាងខ្លាំង ដោយ Kane បង្កភាពភ្ញាក់ផ្អើល ស៊ុត២១គ្រាប់ឲ្យ Tottenham Hotspur ខណៈ Sanchez ស៊ុតឲ្យ Arsenal បាន១៦គ្រាប់ក្នុងរដូវកាលដំបូងរបស់ខ្លួន។ ប៉ុន្តែបើគិតរដូវកាលថ្មីនេះវិញ កីឡាករទាំង២មិនទាន់អាចរកមួយគ្រាប់បាននៅឡើយទេ។
Sanchez
Kane
ចំណែកកីឡាករទាំង២របស់ Chelsea គឺ Costa និង Hazard ក៏យ៉ាប់យ៉ឺនដូចគ្នាដែរ ដោយទើបរកបានម្នាក់១គ្រាប់ ដូចគ្នានឹងខ្សែប្រយុទ្ធក្រុម Manchester City កីឡាករ Aguero ដែរ។ រដូវកាលមុន Costa រកបាន២០គ្រាប់, Hazard រកបាន១៤គ្រាប់ ឯ Aguero បាន២៦គ្រាប់លើគេ។
Hazard និង Costa
តើប្រិយមិត្តអ្នកតាមដានបាល់ទាត់អង់គ្លេស យល់យ៉ាងណាដែរចំពោះកីឡាករទាំង៦ខាងលើ? កុំភ្លេចចូលរួមយោបល់ទាំងអស់គ្នាណា!