David Beckham កំពុងពិចារណាចូលធ្វើជាតារាភាពយន្ត ដោយសម្ដែងជាតួ James Bond 007 ក្រោយពីមានអ្នកគាំទ្រជាច្រើនចង់ឃើញបុរសសង្ហាររូបនេះដើរតួ សម្ដែងជាអ្នកស៊ើបអង្កេតក្នុងខ្សែភាពយន្តបែបបាញ់ប្រហារ។
កាសែត Daily Star បានសង្កត់ធ្ងន់ថា Beckham អាចនឹងដើរតួជា James Bond ជំនួសតួបច្ចុប្បន្ន Daniel Craig ដែលនឹងត្រូវផុតកុងត្រាជាមួយផលិតកម្មក្នុងពេលខាងមុខនេះ។ ខណៈដែលការសាមីខ្លួនក៏មិនទាន់ច្បាស់១០០%ដែរថានឹងចូលប្រឡូក ក្នុងវិស័យ Hollywood នេះដែរអត់ ប៉ុន្តែមានអ្នកគាំទ្រជាច្រើនបានជំរុញទឹកចិត្ត អតីតកីឡាករបាល់ទាត់រូបនេះឱ្យធ្វើជាតារាភាពយន្ត។
លោក Daniel Craig
មួយវិញទៀត បើក្រឡេកទៅមើលកាលពីឆ្នាំមុនវិញ បុរសកូន៤នាក់ខាងលើក៏ធ្លាប់ទាក់ទងជាមួយលោក Guy Ritchie ដែលជាផលិតករដ៏ល្បីឈ្មោះនៅអង់គ្លេសរួចទៅហើយ ពោលគឺរូបគេក៏មានគម្រោងចូលវិស័យភាពយន្តនេះផងដែរ គ្រាន់តែចាំរកឱកាសល្អសិនតែប៉ុណ្ណោះ។ ពេលនោះ Beckham និយាយថា៖ “ខ្ញុំជាមិត្តល្អ Guy ហើយក៏ជឿជាក់លើគាត់ដែរ។ គាត់មិនដាក់ខ្ញុំឱ្យសម្ដែងនោះទេ ប្រសិនបើគាត់គិតថាខ្ញុំធ្វើមិនបាននោះ”។
អតីតកីឡាករ Manchester United និង Real Madrid ខាងលើក្រោយពីចូលនិវត្តន៍ពីបាល់ទាត់ទៅ រូបគេមានការងារជាច្រើនដូចជា អ្នកជំនួញ តារាម៉ូដែលនិងអ្នកនាំពាក្យជាដើម។ ចំណែកឯវិស័យភាពយន្តវិញ ប្រុសស្អាតវ័យ៤០ឆ្នាំរូបនេះធ្លាប់បានចូលថតបន្តិចៗដែរ តួយ៉ាងដូចរឿង Outlaws ជាដើមដែលលោកសម្ដែងបាន១៥នាទី៕