ខ្សែ ប្រយុទ្ធ Luis Suarez របស់ក្លិប FC Barcelona បានលើកឡើងថា ទំនាក់ទំនងរវាងខ្លួនលោក ជាមួយ Lionel Messi និង Neymar គឺល្អណាស់ គ្មានភាពច្រណែនគ្នាឡើយ ហើយក៏ដឹងច្បាស់ដែរថា Messi គឺល្អជាងគេបំផុត។
Suarez (ឆ្វេង), Neymar (កណ្តាល) និង Messi (ស្តាំ) អបអរក្រោយស៊ុតចូលទី
អតីតខ្សែប្រយុទ្ធក្រុម Liverpool វ័យ២៨ឆ្នាំរូបនេះ បានប្រាប់ដល់ La Vanguardia ថា៖ “យើងដើរលើផ្លូវរួមគ្នាតែមួយ ដើម្បីជួយឲ្យ Barcelona ឈ្នះពានរង្វាន់។ ទំនាក់ទំនងរបស់យើងនៅលើទីលាន និងក្រៅទីលាន គឺល្អណាស់”។
“យើងទាំងអស់គ្នាដឹងច្បាស់ហើយថា Messi គឺល្អជាងគេបំផុត។ គ្មាននរណាម្នាក់ អាចធ្វើបានល្អជាងគាត់ ឬធ្វើបានស្មើគាត់ឡើយ។ ពួកយើង គ្មានការច្រណែនគ្នាទេ ព្រោះយើងគឺជាផ្នែករបស់ក្រុម ហើយយើងក៏មិនប្រជែងគ្នាដែរ”។ ខ្សែប្រយុទ្ធ ដែលស៊ុតបាន២៥គ្រាប់ កាលរដូវកាលមុនបន្ថែម។
Messi, Suarez និង Neymar ដែលហៅកាត់ថា “MSN” បានស៊ុតសរុប១២២គ្រាប់ ឲ្យក្រុម Barcelona រដូវកាលមុន និងជួយឲ្យអ្នកមានបុណ្យលើកពាន La Liga, Copa del Rey និង UEFA Champions League ផងដែរ៕