ក្រុម ម្ចាស់ជើងឯកអេស្ប៉ាញ FC Barcelona បានយកឈ្នះក្រុម Las Palmas ទាំងប្រផុតប្រផើយ ២-១ ក្នុងការប្រកួត La Liga សប្ដាហ៍ទី៦យប់មិញ ប៉ុន្តែខ្សែប្រយុទ្ធឆ្នើម Lionel Messi បានរងរបួសជង្គង់ខាងឆ្វេងធ្ងន់ធ្ងរ ដែលត្រូវសម្រាកយ៉ាងហោចណាស់ពី ៧ទៅ៨សប្ដាហ៍ឯណោះ។

Messi បានរងរបួសនៅនាទីទី៣ និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីដូរជំនួសដោយ El Haddadi នៅនាទីទី១០។ ដូច្នេះកីឡាករជម្រើសជាតិអាហ្សង់ទីនរូបនេះ អាចនឹងអវត្តមានពីក្រុមអ្នកមានបុណ្យចំនួន៨ប្រកួត ហើយប្រហែលជាអាចចូលលេងទាន់ ពេល Barca ប៉ះ Real Madrid នៅថ្ងៃទី២២ ខែវិច្ឆិកា ខាងមុខ។
បន្ទាប់ពីតារាសំខាន់របស់ក្រុមរបួស Barca នៅតែអាចនាំមុខក្រុមភ្ញៀវ ២-០ មុនដោយខ្សែប្រយុទ្ធ Luis Suarez ទាំង២គ្រាប់នៅនាទី២៥និង៥៤ ខណៈដែល Neymar មានឱកាសទាត់បាល់ពិន័យ១១ម៉ែត្រនៅនាទី៦៧ដែរ តែធ្វើមិនបានសម្រេច។ យ៉ាងណា នៅចុងម៉ោងនាទី៨៨ ក្រុមភ្ញៀវរកបាន១គ្រាប់លួងចិត្តវិញ ដោយកីឡាករ Jonathan Viera ហើយលទ្ធផលនេះ រក្សារហូតចប់ការប្រកួត។
ជ័យជម្នះនេះ បានជួយឲ្យ Barca ឡើងទៅឈរនៅលេខ២ ដោយមាន១៥ពិន្ទុ ចាញ់ក្រុមកំពូលតារាង Villarreal ដែលយកឈ្នះ Atletico Madrid ១-០ យប់មិញដែរ ១ពិន្ទុ និងលើក្រុម Real Madrid ដែលធ្វើបានត្រឹមស្មើទល់ Malaga ០-០ យប់មិញដូចគ្នា ១ពិន្ទុផងដែរ៕