ក្រុម អ្នកមានបុណ្យ FC Barcelona បានចេញអាវជាមួយនឹងស្លាកសញ្ញាថ្មី ដែលមានភ្ជាប់មកជាមួយ Logo ពាន UEFA Champions League ៥សម័យកាល សម្រាប់ប្រើប្រាស់ ក្នុងការប្រកួតក្របខ័ណ្ឌកំពូលអឺរ៉ុបរដូវកាលនេះ។
ម្ចាស់ជើងឯកអឺរ៉ុប ដែលលើកពានលើកទី៥ នៅកីឡដ្ឋាន Olympiastadion នាទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៥ បានបន្ថែមស្លាកសញ្ញា២ទៀត នៅលើអាវរបស់ខ្លួន ពោលគឺ Logo ពាន UEFA Champions League ឆ្នាំ២០១៥ នៅលើដៃអាវខាងស្ដាំ និងរូបពានកំពូលអឺរ៉ុបជាមួយនឹងលេខ៥ នៅផ្នែកខាងឆ្វេងនៃដៃអាវ។
ក្រៅពីបន្ថែមស្លាកសញ្ញាថ្មី២នេះ Barca ក៏នៅតែបន្ត ពាក់អាវជាមួយនឹង Logo “Respect” ដែលជាផ្នែកមួយនៃការផ្សព្វផ្សាយរបស់ UEFA ដើម្បីឲ្យយល់ពីតម្លៃវិជ្ជមានក្នុងការប្រកួតដដែល ដោយ Logo នេះ ស្ថិតនៅក្រោមស្លាកសញ្ញាពានលេខ៥ នៅដៃអាវខាងឆ្វេង។
Barcelona បានយកឈ្នះលើ Juventus នៅទីក្រុងប៊ែរឡាំង គឺជាពាន UEFA Champions League លើកទី៥ បន្ទាប់ពីឈ្នះ៤ដងពីមុន នៅឆ្នាំ១៩៩២, ២០០៦, ២០០៩ និង២០១១ ហើយចំនួននេះ គឺស្មើទៅនឹងក្លិប Bayern Munich និង Liverpool ប៉ុន្តែនៅចាញ់ AC Milan ទទួលបាន៧ដង និង Real Madrid លើកបាន១០ដង។
អ្នកមានបុណ្យ Barca នឹងការពារតំណែងជើងឯករបស់ខ្លួន នៅក្នុងពូល E ដែលត្រូវប្រជែងជាមួយក្រុម Bayer Leverkusen, AS Roma និង BATE Borisov ហើយប្រកួតដំបូងនឹងត្រូវប៉ះ Roma នៅប្រទេសអ៊ីតាលី នាថ្ងៃទី១៦ ខែកញ្ញាខាងមុខនេះ៕