កម្មវិធីចែករំលែករូបភាពដែលក្រុមហ៊ុន Facebook បានទិញក្នុងឆ្នាំ ២០១២ ក្នុងតម្លៃ ១ពាន់លានដុល្លារ ឈ្មោះថា Instagram ឥឡូវនេះមានអ្នកប្រើប្រាស់ប្រចាំខែកើនឡើងជាង ៤០០លាននាក់។ នេះបើតាមការប្រកាសរបស់ក្រុមហ៊ុនកាលពីថ្ងៃអង្គារម្សិលមិញ។
ត្រឹមរយៈតែបីឆ្នាំប៉ុណ្ណោះដែល Facebook បានទិញកម្មវិធីចែករំលែករូបភាពនេះ ឥលូវខ្លួនក៏បានបង្កើតនូវភាពជោគជ័យមួយដែលនឹកស្មានមិនដល់ ដោយបានវ៉ាដាច់នូវគូប្រជែងធំៗរបស់ខ្លួនដែលមានដូចជា Twitter និង Snapchat។
ក្រុមហ៊ុនបានបញ្ជាក់ថាក្នុងចំណោមអ្នកប្រើប្រាស់ទាំងអស់មាន ៧៥ ភាគរយគឺនៅក្រៅសហរដ្ឋអាមេរិក។ ចំណែកឯចំនួនអ្នកប្រើប្រាស់ថ្មីថ្មោងប្រមាណជាជិត ១០០លាននាក់ ផ្សេងទៀតគឺនៅក្នុងតំបន់ អឺរ៉ុប និងអាស៊ី។
បន្ទាប់ពីភាពជោគជ័យមួយនេះ បច្ចុប្បន្ន Facebook បានកាន់កាប់កម្មវិធីកំពុងពេញនិយមៗដូចជា WhatsApp មានអ្នកប្រើប្រាស់ចំនួន ៩០០លាននាក់, Facebook Messenger មានអ្នកប្រើប្រាស់ ៧០០លាននាក់ ក៏ដូចជា បណ្ដាញសង្គម Facebook ផ្ទាល់មានអ្នកប្រើប្រាស់ដល់ទៅ ១,៥ ពាន់លាននាក់៕