ការ ពិន័យមិនឲ្យខ្សែប្រយុទ្ធ Diego Costa ចូលលេង៣ប្រកួតដោយសហព័ន្ធបាល់ទាត់អង់គ្លេស FA បានក្លាយជាការពិតហើយ ដែលធ្វើឲ្យក្រុមតោខៀវ Chelsea មិនសប្បាយចិត្តជាខ្លាំង។
ការពិន័យនេះគឺបន្ទាប់ពីមានការសើរើលើអាកប្បកិរិយារបស់កីឡាករ រូបនេះដែលបានធ្វើដាក់ Koscielny និង Gabriel របស់ Arsenal ក្នុងការប្រកួតពានរង្វាន់លីកអង់គ្លេស កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។
សហព័ន្ធបាល់ទាត់អង់គ្លេសបានចាត់ទុកថា ការពើងទ្រូងរបស់កីឡាករ Costa បុកទៅលើ Koscielny ពេលប្រឈមមុខដាក់គ្នា គឺជាអំពើហិង្សាមួយ។
ក្រោយការពិន័យ ក្លិប Chelsea ក៏បានចេញសេចក្ដីប្រកាសថា៖ “យើងមិនពេញចិត្តទាល់តែសោះចំពោះការសម្រេចចិត្តរបស់សហព័ន្ធ ដែលព្យួរ Diego Costa។ យើងនឹងរង់ចាំការពន្យល់ជាលាយលក្ខណ៍អក្សររបស់ពួកគេ មុនពេលយើងអត្ថាធិប្បាយបន្ថែម”។
នេះជាលើកទីពីរហើយ ដែលខ្សែប្រយុទ្ធរបស់តោខៀវរូបនេះត្រូវបានពិន័យដោយសហព័ន្ធ ក្នុងរយៈពេលដ៏ខ្លីនៃការចាប់អាជីពនៅក្នុងលីកកំពូលអង់គ្លេស ដោយលើកទីមួយបានប៉ះទង្គិចជាមួយកីឡាករ Emre Can របស់ Liverpool។ អ្នកចាត់ការក្រុម Mourinho ក៏មានការខឹងសម្បារ និងមិនសប្បាយចិត្តជាខ្លាំងដែរនៅពេលនោះ។
Costa បានក្លាយជាកីឡាករក្រៅស្រុកទី៦០ តាំងពីរដូវកាល២០០៤-២០០៥ ដែលពុំត្រូវបានអាជ្ញាកណ្ដាលចាប់កំហុសបានអំឡុងពេលប្រកួត ចំពោះការប្រព្រឹត្តិខុសទៅលើកីឡាករដទៃ ប៉ុន្តែត្រូវបានពិន័យដោយសហព័ន្ធក្រោយប្រកួតទៅវិញ។
ដូច្នេះសម្រាប់ការពិន័យមិនឲ្យចូលលេង៣ប្រកួត Costa នឹងពុំមានវត្តមានទេពេល Chelsea ប៉ះ Walsall, Newcastle និង Southampton៕