ការ ប្រកួតពានរង្វាន់ League Cup (Capital One Cup) កាលពីយប់មិញនេះ ក្រុមខ្លាំង Manchester United , Chelsea និង Arsenal សុទ្ធតែទទួលជ័យជម្នះស្រួលៗទាំងអស់ ខណៈដែលក្រុមហង្សក្រហម Liverpool ដួចជារាងយ៉ាប់ជាងគេបន្តិច ដោយឡើងទៅវគ្គបន្តបានដោយការទាត់បាល់កាត់សេចក្ដី១១ម៉ែត្រ។
បិសាចក្រហម Manchester United បានយកឈ្នះក្រុមខ្សោយ Ipswich Town ដោយលទ្ធផល ៣-០ ខណៈដែលប្រធានក្រុម Rooney ជាអ្នកធ្វើបានមុនគេនៅនាទី២៣ ដោយ Blind ជាអ្នកបញ្ជូនឱ្យ។ ដល់តង់ទី២ Andreas Pereira រកបានមួយគ្រាប់ដែរ នាទី៦០និងខ្សែប្រយុទ្ធវ័យក្មេងកំពុងឡើងជើងខ្លាំង Martial ថែមបានមួយគ្រាប់ទៀតជិតចប់ការប្រកួតនាទី៩០+២ ដោយទទួលបានបាល់ពី Depay ។
ងាកមកខាង Chelsea វិញបានយកឈ្នះក្រុម Walsall ដោយលទ្ធផល ៤-១ ។ ដោយ៤គ្រាប់នោះរកបានដោយ Ramires នាទីទី១០, Remy នាទី៤១ , Kenedy នាទី៥២ និង Pedro នាទី៩០+២ ។ មួយគ្រាប់របស់ម្ចាស់ផ្ទះ Walsall ធ្វើបានដោយ O’Connor នាទី៤៥+១។
កាំភ្លើងធំយប់មិញបានយកឈ្នះក្រុម Spurs ដោយលទ្ធផល ២-១ ។ ទាំង៣គ្រាប់នេះគឺធ្វើបានដោយកីឡាករខាង Arsenal ទាំងអស់ ពោលគឺ Flamini ស៊ុតចូលនាទី ២៦និង ៧៨ ខណៈដែល Chambers ធ្វើឱ្យចូលទីខ្លួនឯងនាទី ៥៦ ។
ហង្សក្រហមវិះនឹងស៊យទៅហើយយប់មិញក្រោយស្មើ១-១ជាមួយក្រុម Carlisle United ប៉ុន្តែសំណាងល្អវិញដោយអាចយកឈ្នះដោយការទាត់បាល់កាត់សេចក្ដី១១ ម៉ែត្រ ៣-២ ។ ចំពោះស្ថិតិក្នុងការប្រកួតវិញ Liverpool ក្នុងដីខ្លួនឯងសម្រុកក្រុម Carlisle ខ្លាំងមែនទែន ដោយសុទ្ធដល់ទៅ៤៧ជើង ប៉ុន្តែរកបានតែមួយគ្រាប់ទេ ខណៈដែលក្រុមភ្ញៀវតែ៥ជើងរកបានមួយគ្រាប់ដែរ។