ក្រុមហ៊ុន Intel បានធ្វើការប្រកាសពីប្រភេទ Processor ជំនាន់ចុងក្រោយគឺ Skylake (microarchitecture) ជាផ្លូវការក្នុងកម្មវិធីបច្ចេកវិទ្យា IFA នាប្រទេសអាល្លឺម៉ង់។
Skylake នេះជា Processor ជំនាន់ទី៦ ហើយក៏ជាជំនាន់ចុងក្រោយដែររបស់ក្រុមហ៊ុន Intel ដែលមានសមត្ថភាពប្រសើរជាងជំនាន់មុន។
Skylake នេះមានការកាត់បន្ថយតម្រូវការថាមពល (ស៊ីភ្លើងតិចជាងមុន) កម្លាំងក្រាហ្វិកខ្លាំង គឺអាចទ្រទ្រង់វីដេអូកម្រិត 4K បានល្អជាងមុន។ Processor ជំនាន់មុនៗគឺពិបាកក្នុងការទ្រទ្រង់វីដេអូកម្រិត 4K ដែលមាន video codec H.265 ហើយមានតែ Skylake នេះទេ ដែលអាចទ្រទ្រង់វាបាន។
ចំពោះ Processor ប្រភេទ Core-M ដែលប្រើលើ Tablet កូនកាត់កុំព្យូទ័រ ក៏មានការ Update ឲ្យមានភាពប្រសើរជាងមុនច្រើន ហើយថែមទាំងមានទំហំតូចជាងមុនទៀតផង។ Skylake ក៏មានធ្វើការបន្ថែមនូវរន្ធដោត USB ស៊េរីថ្មីផងដែរ គឺ USB Type-C និង Thunderbolt3។ គួរបញ្ជាក់ថា នេះជាលើកទីមួយហើយដែល Processor របស់ Intel អាចធ្វើការទ្រទ្រង់ Overclocking បាន ដែលវាជួយឲ្យការលេងហ្គេមលើកុំព្យូទ័រកាន់តែមានសភាពលឿននិងរលូន ល្អ។
កុំព្យូទ័រ ឬគ្រឿងអេឡិចត្រូនិកដែលផលិតឡើងដោយមានបំពាក់ Processor Skylake នេះអាចនឹងមានកម្រាស់ស្ដើង ទម្ងន់ស្រាល ហើយនឹងមិនចាំបាច់មានកង្ហារនោះទេ។ មិនតែប៉ុណ្ណោះស៊ីថាមពលតិចថែមទៀត ចំពោះកុំព្យូទ័រយួរដៃអាចប្រើប្រាស់បានពី១០ទៅ១២ម៉ោង។ ក្រុមហ៊ុនបានឲ្យដឹងថា ម៉ាកកុំព្យូទ័រដំបូងគេដែលនឹងប្រើប្រាស់ Processor Skylake គឺកុំព្យូទ័រហ្គេម Alienware របស់ក្រុមហ៊ុន Dell៕