១ គ្រាប់របស់ខ្សែប្រយុទ្ធ Anthony Martial ដែលស៊ុតក្រុម Liverpool ចុងម៉ោងជួយឲ្យ Manchester United ឈ្នះ ៣-១ នៅ Old Trafford កាលយប់ថ្ងៃសៅរ៍ មានន័យថា កីឡាករបារាំង ដែលជាកីឡាករក្មេងថ្លៃជាងគេលើលោករូបនេះ បានក្លាយជាកីឡាករទី១៣ហើយ របស់ក្រុមបិសាចក្រហម ដែលអាចស៊ុតចូលទីនៅ Premier League ថ្ងៃបង្ហាញខ្លួនលើកដំបូង។ ចុះ១២នាក់ទៀតមាននរណាខ្លះ? ចង់ដឹងច្បាស់ សូមទស្សនាខាងក្រោម៖
១. PAUL SCHOLES (v Ipswich Town, ២៤/០៩/១៩៩៤)៖
Scholes បានដូរជំនួស Lee Sharpe នៅនាទី៦២ ខណៈដែល Man Utd កំពុងចាញ់ ២-០។ Eric Cantona ស៊ុតគ្រាប់ទី១ ឲ្យបិសាចក្រហម មុនយុវជនវ័យក្មេង (Scholes) ស៊ុតគ្រាប់តាមស្មើ។ ប៉ុន្តែទីបំផុត Ipswich រកបាន១គ្រាប់ទៀត ដែលជាគ្រាប់ទី៣ នៅ៩នាទីចុងក្រោយមុនចប់ការប្រកួត។ Scholes ចូលលេងឲ្យ Man Utd សរុបបាន៤៩៩ប្រកួតនៅ Premier League ស៊ុតបាន១០៧គ្រាប់ ឈ្នះពាន១១ មុនចូលនិវត្តន៍នៅឆ្នាំ២០១៣។
២. OLE GUNNAR SOLSKJAER (v Blackburn, ២៥/០៨/១៩៩៦)៖
អតីតខ្សែប្រយុទ្ធSolskjaer គឺជាកីឡាករម្នាក់ ដែលមិនសូវមាននរណាស្គាល់ឡើយ ពេល Man Utd ទិញពីក្លិប Molde របស់ន័រវែស កាលឆ្នាំ១៩៩៦ ប៉ុន្តែរូបគេបានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ដោយស៊ុតចូលទី ថ្ងៃចូលលេងដំបូងត្រឹមតែ៦នាទី បន្ទាប់ពីដូរចូលនៅតង់ទី២ ជួយឲ្យ Man Utd តាមស្មើ Blackburn ២-២។ Solskjaer ចូលលេងឲ្យ Man Utd សរុបបាន២៣៥ប្រកួត ស៊ុតបាន៩១គ្រាប់ និងឈ្នះពាន៦ មុនចាកចេញឆ្នាំ២០០៨។
៣. RUUD VAN NISTELROOY (v Fulham, ១៩/០៨/២០០១)៖
Van Nistelrooy ផ្ទេរពី PSV Eindhoven តម្លៃបំបែកកំណត់ត្រាប្រទេសអង់គ្លេសនាពេលនោះ ១៩លានផោន។ បង្ហាញខ្លួនថ្ងៃដំបូងនៅ Premier League ស៊ុតចូលទី២គ្រាប់ ត្រឹមតែ២នាទី ជួយ Man Utd ឈ្នះ Fulham ៣-២ នៅ Old Trafford។ អតីតកីឡាករហុល្លង់រូបនេះ ចូលលេងឲ្យ Man Utd បាន១៥០ប្រកួត ស៊ុតបាន៩៥គ្រាប់ មុនចាកចេញទៅ Real Madrid និងចូលនិវត្តន៍ឆ្នាំ២០១២។
៤. LOUIS SAHA (v Southampton, ៣១/០១/២០០៤)៖
Saha ផ្ទេរពី Fulham កាលខែមករា ឆ្នាំ២០០៤ និងស៊ុតចូលទីនៅ១៨នាទី ថ្ងៃចូលលេងដំបូង ជួយឲ្យ Man Utd ឈ្នះ Saints ៣-២។ ខ្សែប្រយុទ្ធបារាំងរូបនេះ ធ្លាប់លេងឲ្យ Man Utd បាន៨៦ប្រកួត និងស៊ុតបាន២៨គ្រាប់ មុនចាកចេញទៅ Everton កាលឆ្នាំ២០០៨។
៥. GABRIEL HEINZE (v Bolton Wanderers, ១១/០៩/២០០៤)៖
ខ្សែការពារអាហ្សង់ទីនរូបនេះ ផ្ទេរពី PSG កាលឆ្នាំ២០០៤ និងស៊ុតចូលទីជួយឲ្យ Man Utd ស្មើ Bolton ២-២ ថ្ងៃចូលលេងដំបូង។ Heinze ឈ្នះពានកីឡាករល្អបំផុតប្រចាំឆ្នាំរបស់ Man Utd នៅឆ្នាំដំបូង ប៉ុន្តែដោយសាររបួស ក៏បាត់បង់តំណែងទៅ Patrice Evra វិញ ហើយរូបគេធ្លាប់ចូលលេងឲ្យបិសាចក្រហមសរុបបាន២២ប្រកួត។
៦. GIUSEPPE ROSSI (v Sunderland, ១៥/១០/២០០៥)៖
ខ្សែប្រយុទ្ធអ៊ីតាលីរូបនេះ ស៊ុតគ្រាប់ទី៣ ជួយឲ្យ Man Utd ឈ្នះ Sunderland ៣-១ នៅ Stadium of Light។ Rossi ត្រូវបាន Man Utd ឲ្យក្លិប Newcastle និង Parma ខ្ចីជើងជាបន្តបន្ទាប់ មុននឹងចាកចេញមែនទែន នៅឆ្នាំ២០០៧។
៧. CHRIS EAGLES (v Everton, ២៨/០៤/២០០៧)៖
ខ្សែបម្រើអង់គ្លេសរូបនេះ ស៊ុតគ្រាប់ទី៤នៅនាទី៨៦ នៅ Goodison Park ជួយឲ្យ Man Utd ឈ្នះ Everton ៤-២។ Eagles ចូលលេងឲ្យ Man Utd បានតែ៥ប្រកួតប៉ុណ្ណោះ មុនចាកចេញទៅ Burnley នៅខែកក្កដា ឆ្នាំ២០០៨។
៨. DANNY WELBECK (v Stoke City, ១៥/១១/២០០៨)៖
ខ្សែប្រយុទ្ធអង់គ្លេសរូបនេះ ស៊ុតគ្រាប់ទី៤នៅ Old Trafford ជួយឲ្យ Man Utd ឈ្នះ Stoke City ៥-០។ បន្ទាប់ពីពុំសូវមានឱកាសបង្ហាញខ្លួនជម្រើសដំបូងនៅបិសាច ក្រហមWelbeck ក៏បានចាកចេញទៅ Arsenal កាលរដូវក្ដៅឆ្នាំមុន។
៩. FEDERICO MACHEDA (v Aston Villa, ០៥/០៤/២០០៩)៖
ខ្សែប្រយុទ្ធរូបនេះ បានស៊ុតនៅចុងម៉ោង ជួយឲ្យ Man Utd ឈ្នះ Aston ៣-២ នៅ Old Trafford កាលឆ្នាំ២០០៩ ហើយក៏ជាគ្រាប់សំខាន់ជួយឲ្យបិសាចក្រហម ឈ្នះពានផងដែរ។ Macheda ត្រូវបាន Man Utd ឲ្យក្លិប Sampdoria, QPR, Doncaster និង Birmingham ខ្ចីជើងជាបន្តបន្ទាប់ មុនចាកចេញទៅ Cardiff City មែនទែននៅឆ្នាំ២០១៤។
១០. ALEXANDER BUTTNER (v Wigan Athletic, ១៥/០៩/២០១២)៖
ខ្សែការពារហុល្លង់ ដែលផ្ទេរពី Vitesse ឆ្នាំ២០១២រូបនេះ បានស៊ុត១គ្រាប់ និង assist ១ នៅថ្ងៃចូលលេងដំបូង ជួយឲ្យ Man Utd ឈ្នះ Wigan ៤-០ និងបានជាប់ Man of the Match ក្នុងប្រកួតនោះ។ Buttner ចូលលេងឲ្យ Man Utd បាន១៣ប្រកួត រយៈពេល២រដូវកាល។ ដោយសារពុំសូវបានលេង កីឡាកររូបនេះ ក៏ចាកចេញទៅ Dynamo Moscow កាលខែមិថុនា ឆ្នាំ២០១៤។
១១. NICK POWELL (v Wigan Athletic, ១៥/០៩/២០១២)៖
ខ្សែបម្រើវ័យក្មេង ដែលផ្ទេរពី Crewe Alexandra ឆ្នាំ២០១២រូបនេះ បានស៊ុតគ្រាប់ទី៤ ជួយឲ្យ Man Utd ឈ្នះ Wigan ៤-០ បន្ទាប់ពីដូរចូលជំនួស Ryan Giggs នាទី៧១។ ប៉ុន្តែដោយសារបញ្ហារបួស កីឡាករវ័យ២១ឆ្នាំរូបនេះ ក៏បាត់បង់ឱកាសបង្ហាញខ្លួននៅឈុតធំ រហូតទល់បច្ចុប្បន្ន។
១២. JAMES WILSON (v Hull City, ០៦/០៥/២០១៤)៖
ខ្សែប្រយុទ្ធវ័យក្មេងរបស់អង់គ្លេសរូបនេះ មានឱកាសបង្ហាញខ្លួននៅឈុតធំដំបូង នៅប្រកួតចុងក្រោយនៃរដូវកាល២០១៣/១៤ អំឡុងពេល Ryan Giggs ឡើងដឹកនាំបណ្ដោះអាសន្ន និងបានស៊ុតចូលទី ជួយឲ្យ Man Utd បាន៣ពិន្ទុពេញពី Hull City។ កីឡាករវ័យ១៩ឆ្នាំរូបនេះ បានបង្ហាញខ្លួននៅឈុតធំ បាន១៧ប្រកួត កាលរដូវកាល២០១៤/១៥ និងស៊ុតបាន២គ្រាប់៕