សំបុត្រ មួយសន្លឹករកឃើញក្នុងហោប៉ៅជនភៀសខ្លួនស៊ីរីម្នាក់ ដែលលង់ទឹកស្លាប់នៅសមុទ្រមេឌីទែរ៉ាណេពេលធ្វើដំណើរគេចពីសង្គ្រាម ទៅតំបន់អឺរ៉ុប កំពុងធ្វើឲ្យមនុស្សជាច្រើនរំជួលចិត្តយ៉ាងខ្លាំង។
ក្នុងសំបុត្រមួយសន្លឹកនោះមានអត្ថន័យទាំងស្រុងថា៖
“អ្នកម្ដាយជាទីនឹករលឹក, ឲ្យកូនសុំទោស ដែលទូកលិច ហើយកូនមិនអាចធ្វើដំណើរដល់អឺរ៉ុប។ កូនសុំទោស ដែលកូនមិនអាចផ្ញើលុយ ម៉ែខ្ចីគេសម្រាប់ការធ្វើដំណើរតាមទូករបស់កូន។ កុំកើតទុក្ខអី បើគេរកសពកូនមិនឃើញ ក្នុងសមុទ្រដ៏ធំល្វឹងល្វើយនេះ… វាមិនអាចនាំកូនឲ្យជួបអ្នកម្ដាយវិញទេ មានតែនាំបំណុល ពិធីបុណ្យ កន្លែងកប់សព និងថ្លៃចំណាយដឹកជញ្ជូនប៉ុណ្ណោះ។
កូនពិតជាសោកស្ដាយខ្លាំងណាស់ ដែលសង្គ្រាមកើតឡើង ហើយកូនសោកស្ដាយដែលត្រូវចាកចេញដូចក្មេងដទៃទៀត ទាំងមានក្ដីស្រមៃជាប់ខ្លួន។ ក្ដីស្រមៃរបស់កូននោះមិនធំពេកទេ… កូនគ្រាន់តែចង់បានថ្នាំមួយដបសម្រាប់ជំងឺម៉ែ និងលុយកាក់ខ្លះសម្រាប់ព្យាបាលធ្មេញរបស់អ្នកម្ដាយ។ និយាយអ៊ីចឹង, ធ្មេញកូនពេលនេះប្រែពណ៌ជាបៃតងអស់ហើយ ដោយសារជាប់សារាយច្រើនពេក។
កូនសុំទោស ដែលកូនបានសង់ផ្ទះក្នុងក្ដីស្រមៃរបស់កូនជូនអ្នកម្ដាយ, វាគឺជាផ្ទះឈើដ៏កក់ក្ដៅមួយដូចក្នុងរឿងអ៊ីចឹង។ ផ្ទះដែលនៅដាច់ឆ្ងាយពីគ្រឿងផ្ទុះ សំឡេងយន្តហោះ និងអ្នកប្រកាន់បក្សពួកនៅជុំវិញយើង។
សុំទោសប្អូនប្រុស, បងសុំទោសដែលមិនអាចផ្ញើលុយ ៥០ដុល្លារ ដែលបងសន្យាថាផ្ញើឲ្យឯងរៀងរាល់ខែ ដើម្បីទិញរបស់ស្អាតៗមុនបញ្ចប់ការសិក្សា។ ប្អូនស្រីជាទីនឹករលឹក, បងសុំទោសដែលមិនអាចផ្ញើទូរសព្ទស្រស់ស្អាត មាន wi-fi និងបច្ចេកវិទ្យាទំនើបមួយឲ្យឯង ដូចមិត្តភក្តិនៅសាលាទិញ។
ឱផ្ទះជាទីនឹករលឹក, ខ្ញុំសុំទោសដែលលែងមានវេលាព្យួរអាវនៅក្រោយទ្វារឯងម្ដងទៀត។ ក្រុមអ្នករុករក និងអ្នកជួយសង្គ្រោះអើយ, ឲ្យខ្ញុំសុំទោសដែលធ្វើឲ្យអ្នកជួបការលំបាក តាមស្វែងរកសពរបស់ពួកយើង ដោយសារខ្ញុំមិនស្គាល់ឈ្មោះសមុទ្រដែលខ្ញុំលិចលង់ឡើយ។
ឱ!សហរដ្ឋអាមេរិក និងភ្នាក់ងាររដ្ឋាភិបាលទាំងឡាយ, សូមនៅឲ្យមានក្ដីសុខ ហើយខ្ញុំសូមធានាថាមិនធ្វើជាបន្ទុករបស់អ្នកទៀតឡើយ។ អរគុណទឹកសមុទ្រ ដែលស្វាគមន៍ពួកយើងដោយគ្មានទិដ្ឋាការ… អរគុណមច្ឆាទាំងឡាយ ដែលនឹងចោះស៊ីខ្លួនខ្ញុំ ដោយមិនសួរពីជំនឿសាសនា ឬនិន្នាការនយោបាយ។
អរគុណទូរទស្សន៍គ្រប់ប៉ុស្តិ៍ និងបណ្ដាញសារព័ត៌មានទាំងឡាយ ដែលនឹងចែករំលែកព័ត៌មានយើងអស់ប៉ុន្មាននាទីរៀងរាល់ថ្ងៃ ដើម្បីរកលុយបានខ្លះ ខណៈវានៅតែទាន់ហេតុការណ៍ និងគួរឲ្យចាប់អារម្មណ៍។
អរគុណគ្រប់គ្នាដែលមានអារម្មណ៍សោកស្ដាយពួកយើង…”
ខ្ញុំសុំទោសដែលខ្ញុំលង់ទឹក…”
មិនមានប្រភពណាមួយអះអាងថា សំបុត្រខាងលើជាការពិត ឬយ៉ាងណានោះទេ ប៉ុន្តែសារព័ត៌មាននានាបានយកមកចុះផ្សាយបន្តបន្ទាប់។ ចំណែកប្រភពដើម ពីគណនីហ្វេសប៊ុកមួយឈ្មោះ Amr Kahhaleh មានអ្នកចែកចាយរបស់ដល់ទៅជាង ១០ម៉ឺនដងហើយ។
រឿងរ៉ាវជនភៀសខ្លួនពីបណ្ដាប្រទេសនានាដែលស្ថិតក្នុងភ្លើង សង្គ្រាម ពិសេសគឺប្រទេសស៊ីរី កំពុងក្លាយជាបញ្ហាដ៏ក្ដៅគគុកមួយ។ បណ្ដាប្រទេសនានានៅអឺរ៉ុប បានព្រងើយកន្តើយចំពោះការសុំសិទ្ធិជ្រកកោនរបស់ជនភៀសខ្លួនទាំង នោះ ធ្វើឲ្យមនុស្សជាច្រើនបាត់បង់ជីវិតកណ្ដាលសមុទ្រ។
ទោះយ៉ាងណា ក្រោយមានការរិះគន់យ៉ាងខ្លាំង ជាពិសេសក្រោយប្រទះឃើញសាកសពក្មេងប្រុសម្នាក់តាមឆ្នេរសមុទ្រមក ប្រទេសជាច្រើននៅអឺរ៉ុបបានផ្លាស់ប្ដូរឥរិយាបថ ងាកមកជួយជនភៀសខ្លួនទាំងនោះវិញ៕