ទោះ ជាក្រុមជម្រើសជាតិស៊ីរីមានគុណភាពបាល់ល្អប្រហាក់ប្រហែលនឹងក្រុម ជប៉ុនក៏ដោយ ក៏ក្រុមជម្រើសជាតិកម្ពុជាមិនប្រើទម្រង់ការពារទាំងស្រុងនោះដែរ សម្រាប់ការប្រកួតជម្រុះបាល់ទាត់ពិភពលោកឆ្នាំ២០១៨ ពូល E នៅតំបន់អាស៊ី ជុំទីពីរ ជើងទី១ដែលកម្ពុជាបើកទ្វារពហុកីឡដ្ឋានជាតិទទួលស៊ីរីវេលាម៉ោង ៦:៣០នាទីល្ងាចនេះដែលមានផ្សាយផ្ទាល់ដោយទូរទស្សន៍ BTV។
ក្រុមជម្រើសជាតិកម្ពុជា
លោក Lee Tae Hoon គ្រូបង្វឹកជម្រើសជាតិកម្ពុជាបាននិយាយក្នុងសន្និសីទកាសែតកាលពី ម្សិលមិញថា សម្រាប់ការប្រកួតថ្ងៃនេះ លោកមិនប្រើទម្រង់ការពារដូចកាលប្រកួតជាមួយជប៉ុនឡើយ។ លោកនឹងរៀបក្បួនការពារ និងវាយបកឲ្យបានលឿនៗដើម្បីរកគ្រាប់បាល់។ ទោះជាយ៉ាងណា រហូតដល់ព្រឹកថ្ងៃទី៨ កញ្ញានេះ លោកមិនទាន់សម្រេចជ្រើសរើសយកកីឡាករណាខ្លះដើម្បីដាក់ឲ្យលេងជួរ មុខសម្រាប់វាយលុកនោះទេ។ លោកត្រូវពិនិត្យមើលកីឡាករពេលពួកគេហ្វឹកហាត់កាលពីល្ងាចមិញ និងព្រឹកនេះទៀតទើបសម្រេចចិត្ត។
លោក Fajr Ibrahim គ្រូបង្វឹកជម្រើសជាតិស៊ីរីបាននិយាយថា លោកសង្ឃឹមទទួលបាន៣ពិន្ទុពីការប្រកួតថ្ងៃនេះដោយសារក្រុមរបស់ លោកមានកម្លាំងចិត្តពេញល្អក្រោយពេលប្រកួតជម្រុះបាល់ទាត់ពិភពលោក ពីរលើកកន្លងមក ឈ្នះទាំងពីរប្រកួត។ ទោះជាក្រុមកម្ពុជាបានចាញ់៣ប្រកួតជាប់គ្នា ក៏ក្រុមរបស់លោកមិនអាចមើលស្រាលបាលឡើយ ពីព្រោះកម្ពុជាបានក៏រីកចម្រើនដែរមួយរយៈពេលចុងក្រោយនេះ។ លោកបញ្ជាក់ថា លោកនឹងប្រើទម្រង់វាយសម្រុកឲ្យបានច្រើនដើម្បីរកគ្រាប់បាល់។
ក្រុម ស៊ីរី ពេលធ្វើសន្និសីទ
និយាយពីជើងកីឡាករវិញក្រុមទាំងពីរមានលក្ខណៈខុសគ្នាតិចតូច ដោយសារម្ចាស់ផ្ទះកម្ពុជាមានកីឡាកររបួសខ្លះៗ ខណៈស៊ីរីគ្មានបញ្ហាចោទឡើយ។ តារាឆ្នើម ចាន់ វឌ្ឍនាកា របស់កម្ពុជាមិនអាចចូលលេងបានទេ ហើយ ប្រាក់ មុន្នីឧត្តម និង ហួយ ផល្លីន ទើបជាពីរបួស ដូច្នេះមិនប្រាកដថា បានចូលលេងដែរ។
លោកគ្រូ Lee ថា សូមអ្នកគាំទ្រសម្លឹងឃើញតែកីឡាករម្នាក់ ឬពីរនាក់ដូចជា ចាន់ វឌ្ឍនាកា និងប្រាក់ មុន្នីឧត្តមជាដើម។ សូមឲ្យតម្លៃកីឡាករជាក្រុម ពីព្រោះកីឡាបាល់ទាត់ជាកីឡាលេងជាក្រុមគឺមិនអាចយកម្នាក់ឬពីរ នាក់លេងបានឡើយ។
កីឡាករប្រធានក្រុមរបស់ស៊ីរី
ខ្សែប្រយុទ្ធរបស់ស៊ីរីលេខ Raja Rafe បានក្លាយជាខ្សែប្រយុទ្ធដ៏មុតស្រួច និងរកគ្រាប់បាល់បានច្រើនគ្រាប់ហើយឲ្យជម្រើសជាតិស៊ីរី និងខ្សែប្រយុទ្ធ Al Jafal ក៏មិនធម្មតាដែលក្រុមកម្ពុជាមិនអាចធ្វេសប្រហែសបានឡើយ។ ជាពិសេសទៀតនោះ កីឡាករស៊ីរីមានប្រៀបខាងកាយសម្បទាល្អជាងកីឡាករកម្ពុជា។
តារាងពូល E
ឆ្លងកាត់ការប្រកួតជម្រុះបាល់ទាត់ពិភពលោកឆ្នាំ២០១៨កន្លងមក ស៊ីរីឈ្នះទាំងពីរប្រកួតគឺឈ្នះអាហ្វហ្គានីស្ថាន ៦-០ និងឈ្នះសិង្ហបុរី ១-០ និងកំពុងឈរលើកំពូលតារាង E ខណៈកម្ពុជាចាញ់ទាំង៣ប្រកួតគឺចាញ់សិង្ហបុរី ៤-០, ចាញ់អាហ្វហ្គានីស្ថាន ១-០ និងចាញ់ជប៉ុន ៣-០។ ក្រុមទាំងពីរធ្លាប់ជួបប្រកួតមិត្តភាពម្តងកាលពីឆ្នាំ២០០៧ដែល ស៊ីរីបានឈ្នះកម្ពុជា ៥-១។ ចុះថ្ងៃនេះ លទ្ធផលយ៉ាងណាវិញ?