ការ
ធ្វើការងារក្នុងការិយាល័យជៀសមិនផុតពីកើតស្ត្រេសរកគិតអ្វី
មិនចេញទេ ព្រោះមួយថ្ងៃៗត្រូវសម្លឹងអេក្រង់កុំព្យូទ័រផង
ដៃរវៃនឹង Keyboardផង និងមានបន្ទុកការងារចម្រុះផង។
តែវិធីល្អមួយជួយបន្ធូរបរិយាកាសមួហ្មង
ឲ្យផលិតភាពការងារប្រសើរឡើងជាងមុន
នោះគឺការដាំរុក្ខជាតិបៃតងលំអលើតុ។
តាមការស្រាវជ្រាវ មានរុក្ខជាតិបៃតងនៅកន្លែងធ្វើការ
ផ្តល់អត្ថប្រយោជន៍មួយចំនួនដូចជា៖
១ ជួយធ្វើឲ្យប្រសើរដល់ខ្យល់អាកាសក្នុងបន្ទប់
តាមការសិក្សារបស់អង្គការអវកាស NASA
រកឃើញថា ការដាំរុក្ខជាតិបៃតងក្នុងការិយាល័យជួយសម្អាតខ្យល់
និងធ្វើឲ្យសុខភាពអ្នកប្រសើរឡើង។
ការសិក្សាក៏បានរកឃើញដែរថា
រុក្ខជាតិបៃតងដើរតួនាទីយ៉ាងសំខាន់លើសុខុមាលភាពបុគ្គលិកការិយាល័យ
និងអាចជួយឲ្យជាសះស្បើយពីជំងឺនានាបានឆាប់រហ័ស។
២ កាត់បន្ថយស្ត្រេស
ក្នុងការសិក្សាបញ្ចប់និក្ខេបបទថ្នាក់
អនុបណ្ឌិតចិត្តសាស្ត្របរិស្ថានពីសាកលវិទ្យាល័យ Surrey
ចក្រភពអង់គ្លេស អ្នកនាង Helen Russell
បានធ្វើការប្រៀបធៀបក្រុមមនុស្សពីរក្រុម។
នាងបានចែកតេស្តដ៏លំបាកឲ្យមនុស្សមួយក្រុមដែលធ្វើការក្នុង
ការិយាល័យដែលពោរពេញដោយរុក្ខជាតិបៃតង
និងមួយក្រុមទៀតគ្មានរុក្ខជាតិបៃតង។ លទ្ធផលបានបង្ហាញថា
ក្រុមអ្នកធ្វើការក្នុងការិយាល័យដែលមានបរិស្ថានបៃតងគឺមានស្បែក
រលោងមានសុខភាពល្អជាង មានសម្ពាធឈាម និងបេះដូងល្អជាង។
ជារួមអ្នកដែលធ្វើការនៅកន្លែងមានរុក្ខជាតិបៃតងច្រើន
ការកាត់បន្ថយស្ត្រេសក៏កាន់តែលឿនដែរ។
៣ បង្កើនផលិតភាពការងារ
ការសិក្សាជាច្រើនបានរកឃើញថា
រុក្ខជាតិបៃតងជួយបង្កើនផលិតភាពការងារដល់ ១២% បន្ថែមទៀត។
រុក្ខជាតិបៃតងនឹងជួយដល់ភ្នែក
ធ្វើឲ្យការផ្ចង់ស្មារតីលើការងារបានល្អ
និងបង្កើនលទ្ធផលការងារកាន់តែប្រសើរ។
៤ ធ្វើឲ្យបន្ទប់ធ្វើការមានផាសុកភាព
តាមការណែនាំក្នុងបន្ទប់ធ្វើការគួរ
មានជាតិសំណើមចន្លោះពី ៣០ ទៅ ៦០ ភាគរយ។
តែបន្ទប់ការិយាល័យមួយចំនួនមិនមានកម្រិតសំណើមដល់នេះឡើយ
ពិសេសនៅរដូវក្ដៅដែលសំណើមចុះទាប
ជាហេតុធ្វើឲ្យការដកដង្ហើមមិនស្រួល ឬមានការដួលសន្លប់
ខ្យល់ចាប់ជាដើម។
ជាធម្មតាក្នុងបន្ទប់ដែលមានកម្រិតសំណើមជាមធ្យម ២៥ ភាគរយ
បើមានរុក្ខជាតិបៃតងនឹងជួយឲ្យកម្រិតសំណើមកើនដល់ ៣០
ភាគរយដែលធ្វើបន្ទប់ធ្វើការកាន់តែមានផាសុកភាពឡើង។
៥ ឲ្យអ្នកយល់តម្លៃ និងចេះស្រឡាញ់បរិស្ថាន
ដូចរៀបរាប់ខាងលើជាហូរហែពី
សារៈសំខាន់នៃរុក្ខជាតិបៃតង។
ដូច្នេះមានរុក្ខជាតិបៃតងក្នុងការិយាល័យប្រៀបដូចជាការដាស់តឿន
អ្នកឲ្យយល់ដឹងពីតម្លៃនៃបរិស្ថាន
ដូច្នេះនឹងវានឹងជួយឲ្យអ្នកស្រឡាញ់បរិស្ថានមិនថា
តែនៅកន្លែងធ្វើការ តែនៅគ្រប់កន្លែងលើផែនដីយើងនេះ។
មើលមើល៍ លើតុ
និងនៅជុំវិញកន្លែងដែលអ្នកធ្វើការមានរុក្ខជាតិបៃតងហើយឬនៅ?
បើមិនទាន់មានទេ
គួររករុក្ខជាតិមួយផើងតូចដាក់មុខតុអ្នកជាការស្រេច៕