Cristiano Ronaldo ធ្វើបានហ៊ែតទ្រីក និងមានគ្រាប់បាល់សរុបលើស Lioniel Messi ៣គ្រាប់វិញនៅ UEFA Champions League បន្ទាប់ពីតារាឆ្នើមរូបនេះ ជួយឲ្យ Real Madrid ឈ្នះ Shakhtar Donetsk ៤-០ ក្នុងការប្រកួតវគ្គសន្សំពិន្ទុពូល A កាលពីយប់មិញ។
Ronaldo មានគ្រាប់ស៊ុតនៅ UEFA Champions League ច្រើនដាច់គេក្នុងប្រវត្តិសាស្ត្រ ពោលគឺចំនួន៨០គ្រាប់ ខណៈដែល Messi មាន៧៧គ្រាប់។ រយៈពេល២ប្រកួតចុងក្រោយនេះ កីឡាករជម្រើសជាតិព័រទុយហ្គាល់ ស៊ុតបាន៨គ្រាប់ បន្ទាប់ពីចុងសប្ដាហ៍កន្លងទៅស៊ុត Espanyol ៥គ្រាប់។
សម្រាប់៤គ្រាប់របស់ Real យប់មិញគឺរកបានដោយ Karim Benzema នាទី៣០។ ចូលដល់តង់ទី២ កីឡាករវ័យ៣០ឆ្នាំ Ronaldo ស៊ុតបាល់ពិន័យ១១ម៉ែត្រ ២គ្រាប់នាទី ៥៥និង៦៣ បន្ទាប់ពីខ្សែការពារក្រុម Shakhtar បាល់ប៉ះដៃទាំង២លើក ហើយអតីតកីឡាករក្រុម Manchester United រូបនេះដដែលតែត១គ្រាប់ទៀតនៅចុងម៉ោងនាទី៨១។
ក្រៅពីកំណត់ត្រាខាងលើ Ronaldo នៅមានកំណត់ត្រាមួយចំនួនទៀតដូចជា ក្លាយជាកីឡាករដែលធ្វើបានហ៊ែតទ្រីក៤ដង ក្នុងការបង្ហាញខ្លួន៦ប្រកួតចុងក្រោយនៅ Real និងក្លាយជាកីឡាករធ្វើបានហ៊ែតទ្រីកច្រើនជាងគេ (៣៣ដង) លើ Messi (៣២ដង) សម្រាប់ប្រវត្តិសាស្ត្រក្លិបអេស្ប៉ាញ៕