ការ ប្រកួតមុនចូលនិវត្តន៍របស់ Floyd Mayweather ជាមួយ Andre Berto ត្រូវបានគេដឹងថាមិនសូវមានអ្នកចូលទស្សនាប៉ុន្មាននោះទេ បើទោះជាកំពូលអ្នកប្រដាល់មិនដែលចាញ់រូបនេះបានចំណាយប្រាក់ ផ្ទាល់ខ្លួនរហូតដល់ជាង៣៨លានដុល្លារក៏ដោយ។
របាយការណ៍មួយស្ដីពីការលក់សំបុត្របានបញ្ជាក់ឱ្យដឹងថានៅមាន សំបុត្រជាច្រើនរយសន្លឹកទៀតមិនទាន់លក់អស់នោះទេ បើទោះបីពេលនេះកាន់តែកៀកដល់ថ្ងៃប្រកួតហើយក៏ដោយ។ ខណៈដែលតម្លៃសំបុត្រវិញកន្លែង VIP ត្រឹមតែ ១ ៥០០ដុល្លារប៉ុណ្ណោះខុសពីកាលប្រកួតជាមួយ Pacman មានតម្លៃ១ម៉ឺនដុល្លារ។ សំបុត្រដែលលក់បានច្រើនជាងគេគឺកន្លែងនៅក្រោយគេដែលមានតម្លៃតែ ៨០ផោនប៉ុណ្ណោះ (១២២ដុល្លារ)។
តែទោះជាយ៉ាងនេះក្ដី Floyd ដែលបានចំណាយប្រាក់ជាង៣៨លានដុល្លារដើម្បីរៀបចំការប្រកួតនេះ បាននិយាយថា៖ “គ្មាននរណាបង្ខំនរណានោះទេ។ ខ្ញុំមិនខ្វល់ឡើយ។ មើល ប្រសិនបើអ្នកចង់មើល ប្រសិនបើអ្នកមិនចង់មើលទេ កុំមើលអី”។ នេះមានន័យថា អ្នកប្រដាល់វ័យ៣៨ឆ្នាំរូបនេះអាចនឹងដឹងមុនហើយថា ការប្រកួតចុងក្រោយរបស់គេប្រហែលជាអាចមិនជោគជ័យ និងរកប្រាក់បានច្រើននោះទេ។
សូមបញ្ជាក់ជាថ្មីថា Floyd Mayweather ប្រកួតជាមួយ Andre Berto នៅថ្ងៃទី១២ ខែកញ្ញានេះហើយ នៅសង្វៀន MGM Grand Garden Arena សហរដ្ឋអាមេរិក៕