អ្នកប្រដាល់ អូស្ត្រាលីម្នាក់បានស្លាប់ បន្ទាប់ពីឡើងវ៉ៃបាន៤ថ្ងៃ ដោយសារដៃគូវ៉ៃឲ្យសន្លប់ស្ដូកស្ដឹង ក្នុងការប្រកួតដណ្ដើមខ្សែក្រវាត់ ប្រចាំតំបន់នៃទីក្រុងស៊ីដនី។
Davey Browne Jr វ័យ២៨ឆ្នាំ ត្រូវដៃគូប្រកួតសញ្ជាតិហ្វីលីពីន Carlo Magali វ៉ៃឲ្យសន្លប់នៅចុងទឹកទី១២ ក្នុងការប្រកួតដណ្ដើមខ្សែក្រវាត់ IBF Super-Featherweight កាលពីថ្ងៃសុក្រ ហើយក្រោយកើតហេតុឪពុករបស់ Browne ក៏បានយកកូនទៅសង្គ្រោះនៅមន្ទីរពេទ្យដែរ ប៉ុន្តែដោយសារអាការធ្ងន់ធ្ងរទើប អ្នកប្រដាល់រូបនេះ ត្រូវស្លាប់នៅមន្ទីរពេទ្យ នៅ៤ថ្ងៃបន្ទាប់។
ប៉ូលិស បានបញ្ជាក់បន្ថែមឲ្យដឹងថា Browne Jr បានស្លាប់កាលពីថ្ងៃច័ន្ទ ដោយមិនអាចជួយសង្គ្រោះបាននៅមន្ទីរពេទ្យ បន្ទាប់ពីសន្លប់នៅលើសង្វៀននៅ៣០វិនាទី នៃទឹកទី១២ មុននឹងបញ្ចប់ការប្រកួត។
នេះជាលើកទី២ហើយ ដែលអ្នកប្រដាល់អូស្ត្រាលីបានស្លាប់ ដោយសារឡើងវ៉ៃ បន្ទាប់ពីអ្នកប្រដាល់ Braydon Smith បានសន្លប់ និងស្លាប់ ក្រោយវ៉ៃចាញ់នៅទឹកទី១០ ក្នុងការប្រកួត Featherweight កាលពី៦ខែមុនផងដែរ៕