បុរស កាណាដាដែលប៉ូលិសកម្ពុជាធ្លាប់ចាប់ខ្លួនពីបទរួមរ័កជាមួយក្មេង ប្រុស កាលពីឆ្នាំ ២០១៤ ពេលនេះកំពុងមានបញ្ហានៅក្នុងប្រទេសវៀតណាម។
ប៉ូលិសហាណូយ បានដាក់ការស៊ើបអង្កេត ក្រោយបុរសកាណាដាម្នាក់ ត្រូវបានចោទប្រកាន់ពីបទ រួមរ័កជាមួយក្មេងប្រុសអនាថា អាយុចន្លោះ ១៣ ដល់ ១៥ ឆ្នាំ ហើយបុរសរូបនេះត្រូវចាប់ខ្លួន កាលពីល្ងាចថ្ងៃសុក្រម្សិលមិញ។ នេះបើយោងតាមរបាយការណ៍ សារព័ត៌មានក្នុងស្រុករបស់វៀតណាម។
ប៉ូលិសវៀតណាមឱ្យដឹងថា Vadim Scott Benderman វ័យ ៤៥ ឆ្នាំបានរួមភេទជាមួយក្មេងប្រុសជាច្រើន ដោយបានឱ្យប្រាក់ពួកគេចាប់ពី ៤ ដុល្លារដល់ ១៧ ដុល្លារជាថ្នូរ (ពេលរួមភេទម្ដងៗ)។ ចំពោះក្មេងៗរងគ្រោះ ប៉ូលិសកំណត់អត្តសញ្ញាណបានហើយ គឺពួកគេជាក្មេងអនាថា រស់នៅទីក្រុងហាណូយ និង នៅតាមបណ្ដាខេត្តនានាក្បែរនោះ។
ជនជាប់ចោទបានចូលមកប្រទេសវៀតណាម ក្នុងឆ្នាំ ២០១៤ តាមទិដ្ឋាការទេសចរណ៍ ដោយប្រកបរបរជាតន្ត្រីករនៅរង្គសាលមួយ ក្នុងទីក្រុងហាណូយ និង ជាគ្រូបង្រៀនភាសាអង់គ្លេស នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលភាសាអង់គ្លេសមួយកន្លែង។ នេះបើតាមការបញ្ជាក់របស់ប៉ូលិស។
សារព័ត៌មានវៀតណាមបានឱ្យដឹងដែរថា បុរសរូបនេះក៏ធ្លាប់ត្រូវចាប់ខ្លួនក្នុងប្រទេសកម្ពុជាដែរ ក្នុងករណីដូចគ្នានេះ។ កាលពីខែមករា ឆ្នាំ២០១៤ សារព័ត៌មានកម្ពុជា Koh Santepheap Dailyនិង Phnom Penh Post បានរាយការណ៍ថា Benderman ត្រូវបានចាប់ខ្លួនក្នុងបន្ទប់សណ្ឋាគារមួយ។ ប៉ូលិសបាននិយាយថា លោកបាននាំក្មេងប្រុសអាយុ១៤ឆ្នាំ ចូលបន្ទប់ដើម្បីរួមរ័ក ដោយឱ្យ២ដុល្លារជាថ្នូរ៕