វីរបុរស បាល់ទាត់ Pele របស់ប្រេស៊ីលបានចេញមកនិយាយថាទង្វើរបស់ Diego Costa មិនអាក្រក់ខ្លាំងពេកនោះទេ ព្រោះថារូបគេមិនបានទៅខាំនរណាម្នាក់ក្នុងការប្រកួតដូចកីឡាករ ខ្លះ (Luis Suarez) ។
ប៉ុន្មានថ្ងៃនេះ Costa កំពុងតែត្រូវបានគេចាត់ទុកជាកីឡាករឈ្លើយជាងគេ បន្ទាប់ពីបង្កកំហុសដាក់កីឡាកររបស់ Arsenal ២នាក់អំឡុងការប្រកួតកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ ចំពោះអាកប្បកិរិយានេះដែរ សហព័ន្ធបាល់ទាត់អង់គ្លេស FA បានពិន័យខ្សែប្រយុទ្ធ Chelsea រូបនេះចំនួន៣ប្រកួត ហើយដកការពិន័យ៣ប្រកួតចំពោះកាតក្រហមរបស់ Gabriel ចេញវិញទៀតផង។
ចំពោះរឿងនេះដែរ លោក Pele បាននិយាយទៅកាន់ L’Equipe ថាអ្នកទាំងអស់គ្នាមិនអាចទម្លាក់កំហុសទៅលើអតីតកីឡាករ Atletico Madrid ម្នាក់ឯងបាននោះទេចំពោះអ្វីដែលរូបគេបានធ្វើអំឡុងការប្រកួត ជាមួយកាំភ្លើងធំ។ វាមិនអាក្រក់ខ្លាំង ដូចរឿងដែលទៅខាំគេក្នុងទីលានរបស់ Luis Suarez នោះឡើយ។
គួររំលឹកថា នេះជាលើកទីពីរហើយ ដែលខ្សែប្រយុទ្ធរបស់តោខៀវត្រូវបានពិន័យដោយសហព័ន្ធ FA ក្នុងរយៈពេលដ៏ខ្លីនៃការចាប់អាជីពនៅក្នុងលីកកំពូលអង់គ្លេស ដោយលើកទីមួយបានប៉ះទង្គិចជាមួយកីឡាករ Emre Can របស់ Liverpool កាលពីរដូវកាលមុន។ អ្នកចាត់ការក្រុម Mourinho ក៏មានការខឹងសម្បារ និងមិនសប្បាយចិត្តជាខ្លាំងចំពោះរឿងពិន័យនេះផងដែរ។