លោក Mata Martino គ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីនបានបញ្ជាក់ថាខ្សែប្រយុទ្ធ Lionel Messi ដឹងខ្លួនច្បាស់ថាត្រូវធ្វើអ្វីខ្លះដើម្បីមុខមាត់ប្រទេសជាតិ មិនមែនធ្វើយ៉ាងណារកគ្រាប់បាល់ឱ្យបានយកកេរ្តិ៍ឈ្មោះខ្លួនឯង ទេ។
Messi ខកខានរកគ្រាប់ដោយក្រុមជម្រើសជាតិអាហ្សង់ទីន (មិនគិតបាល់ប៉េណាំងទី និងមិត្តភាព) ជាង១ឆ្នាំមកហើយ ពោលគឺតាំងពីចប់ព្រឹត្តិការណ៍ FIFA World Cup នៅប្រទេសប្រេស៊ីលមក។ ចំពោះរឿងនេះគ្រូបង្គោល Martino មិនខ្វល់ខ្វាយនោះទេ ហើយថែមទាំងសរសើរខ្សែប្រយុទ្ធវ័យ២៨ឆ្នាំរូបនេះទៅវិញថាបានជួយ សមាជិកក្នុងក្រុមបានច្រើន ជាពិសេសរឿង Assists តែម្ដង។
“មនុស្សម្នាក់ដូច Leo … បាទ មិនមានមនុស្សណាដូច Leo ទេ គឺមានតែ Leo ម្នាក់គត់ ព្រោះគាត់ជាកីឡាករម្នាក់ដឹងច្បាស់ពីខ្លួនគាត់។ គាត់ដឹងពីរបៀប និងអ្វីដែលត្រូវធ្វើក្នុងពេលប្រកួត ថាតើប្រកួតនេះយើងត្រូវធ្វើអ្វី។ គាត់មិនត្រូវការគ្រាប់បាល់ដើម្បីសប្បាយចិត្តនោះទេ។ គាត់មិនខ្វល់ពីការរកគ្រាប់បាល់មិនបានឡើយ។ សំខាន់ធ្វើយ៉ាងណាឱ្យក្រុមឈ្នះការប្រកួត”។ គ្រូបង្វឹកក្រុមអាហ្សង់ទីនដែលទើបឡើងកាន់តំណែងឆ្នាំ២០១៤បាន និយាយ។
ក្នុងព្រឹត្តិការណ៍ Copa America នៅឆ្នាំនេះ ក្រុមអាហ្សង់ទីនបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រហើយដែលត្រូវប៉ះម្ចាស់ ផ្ទះឈីលីនៅម៉ោង៣ទៀបភ្លឺថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។ មុននឹងបានឡើងមកដល់វគ្គនេះ ក្រុមម្ចាស់ពានរង្វាន់ Copa America ១៤សម័យមួយនេះបានយកឈ្នះក្រុមប៉ារ៉ាហ្គាយដោយលទ្ធផល ៦-១ឯណោះ។ ក្នុងប្រកួតនេះហើយ ដែលមានគេសរសើរ Messi គ្រប់គ្នា ទោះជារូបគេរកគ្រាប់បាល់មិនបានក៏ដោយព្រោះថាបុរសស្មោះស្នេហ៍ ខាងលើបានបង្ហាញទម្រង់លេង និង Assists ឱ្យមិត្តរួមក្រុមរកគ្រាប់បាល់បានដល់ទៅ៣គ្រាប់៕